ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ពិចារណាដោយប្រុងប្រយ័ត្ន លើការឆ្លើយតបរបស់លោកខាងលិច ចំពោះការបង្ក្រាបផ្នែកនយោបាយ នៅកូរ៉េខាងត្បូង

RT News

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova កំពុងសញ្ជឹងគិតអំពីលទ្ធភាព នៃបណ្តាប្រទេសលោកខាងលិច វាយប្រហារកូរ៉េខាងត្បូងជាមួយនឹង ការដាក់ទណ្ឌកម្មជាការឆ្លើយតបទៅនឹង របាយការណ៍នៃការបង្រ្កាបការតវ៉ា ផ្នែកនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កាលពីថ្ងៃអង្គារបានប្រកាស ច្បាប់អាជ្ញាសឹកជាបន្ទាន់មួយ ដោយលោកបានចោទគណបក្សប្រឆាំង ដ៏ធំរបស់ប្រទេសនេះថា បង្ហាញការអាណិតដល់កូរ៉េខាងជើង និងសកម្មភាពប្រឆាំងរដ្ឋ។ លោកបានលើកឡើងពីសកម្មភាព របស់គណបក្សប្រជាធិបតេយ្យប្រឆាំង ដើម្បីចោទប្រកាន់រដ្ឋអាជ្ញាកំពូល និងច្រានចោលសំណើថវិការបស់រដ្ឋាភិបាល ដោយពណ៌នាថា វាជា “អាកប្បកិរិយាប្រឆាំងរដ្ឋច្បាស់លាស់ ក្នុងគោលបំណងញុះញង់ឱ្យមានការបះបោរ”។ លោក Yoon Suk Yeol បានអះអាងថា ទង្វើទាំងនេះបានធ្វើឲ្យកិច្ចការរដ្ឋខ្វិន មិនដំណើរការ ហើយបានប្រែក្លាយរដ្ឋសភាទៅជាកន្លែងនៃឧក្រិដ្ឋជន។

ក្រោយមក សមាជិកសភាកូរ៉េខាងត្បូងបានបោះឆ្នោត ដើម្បីរារាំងពីការក្រឹត្យច្បាប់អាជ្ញាសឹក ដោយប្រធានរដ្ឋសភា Woo Won-sik បានអំពាវនាវឱ្យប្រធានាធិបតី “លុបចោល” វិធានការបន្ទាន់នេះជាបន្ទាន់។

យោងតាមសារព័ត៌មាន AP គឺមានក្រុមអ្នកតវ៉ារាប់រយនាក់ បានប្រមូលផ្តុំគ្នានៅមុខសភា ដោយគ្រវីបដា និងអំពាវនាវឱ្យមានការចោទលោកប្រធានាធីបតី Yoon ។ ក្រោយមកនៅថ្ងៃអង្គារ លោក Yoon បានប្រកាសថា លោកនឹងបញ្ចប់ច្បាប់សេនាប្រមុខតែ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបានដាក់ឱ្យប្រើ។

ប្រតិកម្មទៅនឹងព្រឹត្តិការណ៍នេះ លោកស្រី Zakharova របស់រុស្ស៊ី បានបង្ហាញការងឿងឆ្ងល់ ថាតើប្រទេសលីទុយអានី ឡាតវី និងអេស្តូនី បានធ្វើការសម្រេចចិត្តណាមួយ ទាក់ទងនឹងបញ្ហានេះដែរឬទេ។

កាលពីថ្ងៃទី ១ ខែធ្នូ រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បានប្រកាសថា ប្រទេសនៅរដ្ឋបាល់ទិកទាំងបី បានយល់ព្រមរួមគ្នាក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងអ្នកដែលលោកបាននិយាយថា “បានបង្ក្រាបការតវ៉ាស្របច្បាប់ នៅក្នុងប្រទេសហ្សកហ្ស៊ី”។

លោកស្រី Zakharova បានសរសេរនៅលើ Telegram កាលពីថ្ងៃអង្គារថា «តើទណ្ឌកម្មនឹងត្រូវដាក់លើ ទីក្រុងសេអ៊ូលដែរឬទេ? ឬកូរ៉េខាងត្បូងនឹងមាន សំណាងជាងហ្សកហ្ស៊ី? ៕

ប្រែសម្រួលៈ ណៃ តុលា

To Top