សេអ៊ូល៖ ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានទទួលយកសំណើសុំលាលែង ពីតំណែងដោយរដ្ឋមន្ត្រីការពារជាតិលោក Kim Yong-hyun ដែលតាមសេចក្តីរាយការណ៍ថា បានស្នើឱ្យលោក Yoon ប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ កាលពីថ្ងៃអង្គារកន្លងទៅ។
នៅក្នុងនោះដែរក្រោយពីច្បាប់អាជ្ញាសឹកត្រូវបានប្រកាស និងដកវិញភ្លាមៗយ៉ាងណាក្ដី គណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់ (DP) បានឲ្យដឹងថា ខ្លួននឹងជំរុញឱ្យមានការបោះឆ្នោតនៅថ្ងៃសៅរ៍ សម្រាប់ចលនាចោទប្រកាន់ប្រឆាំងនឹង ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក និងការដកច្បាប់នោះចេញវិញយ៉ាងប្រញ៉ាប់ ដែលធ្វើឲ្យប្រទេសមួយនេះ មានភាពចលាចលជាខ្លាំង។
គណបក្ស DP និងគណបក្សប្រឆាំងតូចតាចចំនួន ៥ផ្សេងទៀត បានដាក់សំណើចោទប្រកាន់ ដោយលើកហេតុផលថា ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon គឺជាការបំពានរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀត។ លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារ ដោយលើកឡើងពីសកម្មភាព “ប្រឆាំងរដ្ឋ” ដោយក្រុមប្រឆាំង។ វាត្រូវបានប្រកាសឡើង ៦ម៉ោងក្រោយពីត្រូវបានសមាជិកសភា ១៩០រូបបដិសេធក្នុងសភា។
លោក Cho Seung-rae អ្នកនាំពាក្យរងរបស់គណបក្ស DP បានឲ្យដឹងថា ខ្លួនគ្រោងនឹងធ្វើការបោះឆ្នោតលើ សំណើនេះនៅម៉ោងប្រហែល ៧ យប់ថ្ងៃសៅរ៍ ដើម្បីអនុញ្ញាតឱ្យសមាជិក សភាគណបក្សកាន់អំណាច មានពេលវេលាគ្រប់គ្រាន់ ដើម្បីពិចារណាលើការសម្រេចចិត្ត របស់ពួកគេលើសកម្មភាពរបស់លោក Yoon ។
សំណើនេះត្រូវបានរាយការណ៍ ទៅសម័យប្រជុំពេញអង្គ នៃរដ្ឋសភានៅព្រឹកថ្ងៃពុធ។ នៅក្រោមច្បាប់ ចលនាចោទប្រកាន់ត្រូវតែដាក់ ឱ្យបោះឆ្នោតក្នុងរយៈពេល ៧២ ម៉ោងបន្ទាប់ពីត្រូវបានគេរាយការណ៍។ សំឡេងភាគច្រើនពីរភាគបីត្រូវបាន ទាមទារដើម្បីអនុម័តញត្តិនេះ ដែលត្រូវការការគាំទ្រពីសមាជិកសភាយ៉ាងតិច ៨នាក់នៃគណបក្សអំណាចប្រជាជន (PPP)។
មេដឹកនាំ PPP លោក Han Dong-hoon បានសន្យាថានឹងប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងការអនុម័តនៃចលនានេះ ដែលនឹងព្យួរតួនាទីជាប្រធានាធិបតីរបស់លោក Yoon ភ្លាមៗ។ គណបក្ស DP បានឲ្យដឹងថា ខ្លួនក៏នឹងព្យាយាមធ្វើការបោះឆ្នោតឡើងវិញ លើវិក័យប័ត្រដែលអំពាវនាវឱ្យមានការ ស៊ើបអង្កេតពីទីប្រឹក្សាពិសេស លើការចោទប្រកាន់អំពើពុករលួយ និងការជ្រៀតជ្រែកការបោះឆ្នោតរបស់ជំទាវទី១ Kim Keon Hee រួមជាមួយនឹងការបោះឆ្នោតចោទប្រកាន់ នៅថ្ងៃសៅរ៍៕
ប្រែសម្រួល ឈូក បូរ៉ា