ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ប្រកាសថា នឹងមិនបញ្ឈប់ការវាយលុកនៅតំបន់ហ្គាហ្សានោះទេ បើទោះជាកំពុងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងផ្លាស់ប្ដូរចំណាប់ខ្មាំង

afp

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឲ្យដឹងថា អ៊ីស្រាអែល កំពុង “ធ្វើការឆ្ពោះទៅរក” កិច្ចព្រមព្រៀងចំណាប់ខ្មាំង ហើយនឹងមិនបញ្ឈប់ការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា ក្នុងពេលបច្ចុប្បន្ននេះទេ។ លោកបានលើកឡើងក្នុងអំឡុងពេលដំណើរទេសចរណ៍នៅទីក្រុង Tel Nof Airbase នៅភាគកណ្តាលប្រទេសអ៊ីស្រាអែលថា “មានឱកាសដែលពេលនេះយើងនឹងពិតជាអាចឈានទៅរកកិច្ចព្រមព្រៀងផ្លាស់ប្ដូរចំណាប់ខ្មាំង” ។

លោកបានលើកឡើងថា អ៊ីស្រាអែល នឹងមិនបញ្ឈប់ការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សាឡើយ “រហូតដល់យើងនាំយកចំណាប់ខ្មាំងទាំងអស់មកវិញ និងសម្រេចបាននូវគោលដៅរបស់យើង” ដោយបន្ថែមថា “នៅពេលអនាគត ក្រុមហាម៉ាស់ មិនអាចគ្រប់គ្រងតំបន់ហ្គាហ្សាបាននោះទេ នេះគឺច្បាស់ណាស់”។

កិច្ចចរចាជាផ្លូវការរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបច្ចុប្បន្នកំពុងជាប់គាំង ដោយកាតា ដែលជាអ្នកសម្រុះសម្រួលដ៏សំខាន់មួយ ដោយចោទប្រកាន់ភាគីទាំងពីរថា ខ្វះជំនឿល្អ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ អាជ្ញាធរសុខាភិបាលហ្គាហ្សាបានរាយការណ៍កាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ៤៤,៥៣២ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលជាង ១៣ខែ នៃការវាយប្រហាររបស់អ៊ីស្រាអែល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top