ព័ត៌មានអន្តរជាតិ

អាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង មិនបានដឹងជាមុនអំពីការ ប្រកាសច្បាប់អាជ្ញាសឹក របស់ប្រធានាធិបតី លោក Yoon Suk Yeol

Xinhua
" "

បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol “បានសន្និដ្ឋានខុសយ៉ាងធ្ងន់ធ្ងរ” លើការសម្រេចចិត្តក្នុងការ ប្រកាសច្បាប់អាជ្ញាសឹកនៅសប្តាហ៍នេះ ហើយវាត្រូវបានគេមើលឃើញថា ជា “បញ្ហាយ៉ាងជ្រាលជ្រៅ” និង “មិនស្របច្បាប់” ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលត្រូវបានសួរនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយវេទិកា Aspen Strategy Forum ថាតើវាជាការបរាជ័យផ្នែកស៊ើបការណ៍សម្ងាត់ ដែលទីក្រុងវ៉ាស៊ីនតោន មិនបានព្រមានជាមុនទៅលើ សម្ព័ន្ធមិត្តសំខាន់ឬអត់នោះ លោក Campbell បាននិយាយថា អ្នកប្រាស្រ័យទាក់ទងអាមេរិក ស្ទើរតែទាំងអស់នៅក្នុង ប្រទេសកូរ៉េខាងត្បូង រួមទាំងនៅក្នុងការិយាល័យប្រធានាធិបតី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើរបស់លោក Yoon ។

" "

លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារដើម្បីរារាំង “កងកម្លាំងប្រឆាំងរដ្ឋ” ក្នុងចំណោមគូប្រជែងនយោបាយ ក្នុងស្រុករបស់លោក ប៉ុន្តែបានលុបចោលការសម្រេចចិត្ត ប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីសមាជិកសភាបានច្រានចោល។

" "

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍ មួយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកដែលមានទាហានប្រហែល ២៨.៥០០ នាក់ឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង មិនបានដឹងពីចេតនារបស់លោក Yoon ក្នុងការប្រកាសច្បាប់អាជ្ញាសឹកនោះទេ។

ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី Joe Biden គឺលោក Jake Sullivan ក្រោយមកបានប្រាប់ក្រុមអ្នកជំនាញ ផ្នែកប្រឹក្សាក្នុងទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិកបានដឹងពីវា “តាមកញ្ចក់ទូរទស្សន៍ តាមរបៀបដែលពិភពលោកទាំងមូលបានធ្វើ” ហើយ “វាបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់យើង” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top