បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងទ័ពស៊ីរីបានប្រកាសដកខ្លួន ចេញពីកណ្តាលក្រុងហាម៉ា Hama បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំង ជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមរួចមក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើ Facebook អគ្គបញ្ជាការនៃកងទ័ព និងកងកម្លាំងប្រដាប់អាវុធបាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងទ័ពរបស់ប្រទេសនេះបាន ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដើម្បីវាយបក និងរារាំងការវាយប្រហារដោយហិង្សា និងជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមដោយ ពួកជីហាដកាលពីពេលកន្លងមក។
សេចក្តីថ្លែងការណ៍បានអានថា ទោះបីជាយ៉ាងណាក៏ដោយ ភាពខ្លាំងនៃការប្រយុទ្ធគ្នា និងការកើនឡើងចំនួនអ្នកស្លាប់ បានជំរុញឱ្យកងទ័ពដាក់ពង្រាយ និងដាក់ទីតាំងអង្គភាពរបស់ខ្លួនឡើងវិញ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ក្នុងគោលបំណង រក្សាអាយុជីវិតជនស៊ីវិល និងមិនឱ្យពួកគេចូលរួមក្នុងសមរភូមិនោះទេ។ រដ្ឋាភិបាលទីក្រុងដាម៉ាស ក៏បាននិយាយផងដែរថា ពួកសកម្មប្រយុទ្ធបានទទួលរងការខាតបង់យ៉ាងខ្លាំងក្នុងជួរ របស់ពួកគេកំឡុងពេលប្រយុទ្ធ។
គួរឲ្យដឹងដែរថាកងទ័ពបានបញ្ជាក់ដែរថា ខ្លួននឹងបន្តបំពេញកាតព្វកិច្ចជាតិរបស់ខ្លួន ក្នុងការដណ្តើមយកតំបន់ដែលបាន ចូលដោយអង្គការភេរវជនមកវិញ។ ទីក្រុងHama ដែលមានទីតាំងនៅភាគកណ្តាលនៃប្រទេសស៊ីរី ដែលមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីរដ្ឋធានីដាម៉ាស Damascus ហើយក៏ចម្ងាយប្រហែល ជា៥០គីឡូម៉ែត្រនៃទីក្រុង Homs ផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី