សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានសុំទោស សម្រាប់ការធ្វើឱ្យមានភាពចលនាចល ក្នុងចំណោមសាធារណជនជាមួយនឹងការប្រកាសច្បាប់អាជ្ញាសឹក របស់លោកកាលពីដើមសប្តាហ៍នេះ។
នៅក្នុងសុន្ទរកថាទៅកាន់សាធារណជន លោក Yoon បានឲ្យដឹងថា លោកនឹងមិនលាក់បាំងពីការទទួលខុសត្រូវផ្នែកច្បាប់ និងនយោបាយដែលកើតចេញពីការប្រកាសនេះទេ ប៉ុន្តែមិនបាននិយាយពីការលាលែងពីតំណែងនោះទេ។
នៅក្នុងនោះដែរក្រោយពីច្បាប់អាជ្ញាសឹកត្រូវបានប្រកាស និងដកវិញភ្លាមៗយ៉ាងណាក្ដី គណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់ (DP) បានឲ្យដឹងថា ខ្លួននឹងជំរុញឱ្យមានការបោះឆ្នោតនៅថ្ងៃសៅរ៍ សម្រាប់ចលនាចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក និងការដកច្បាប់នោះចេញវិញយ៉ាងប្រញ៉ាប់ ដែលធ្វើឲ្យប្រទេសមួយនេះមានភាពចលាចលជាខ្លាំង។
គណបក្ស DP និងគណបក្សប្រឆាំងតូចតាចចំនួន ៥ផ្សេងទៀត បានដាក់សំណើចោទប្រកាន់ ដោយលើកហេតុផលថា ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon គឺជាការបំពានរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀត។ លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារដោយលើកឡើងពីសកម្មភាព “ប្រឆាំងរដ្ឋ” ដោយក្រុមប្រឆាំង។ វាត្រូវបានប្រកាសឡើង ៦ម៉ោងក្រោយពីត្រូវបានសមាជិកសភា ១៩០រូបបដិសេធក្នុងសភា។
លោក Cho Seung-rae អ្នកនាំពាក្យរងរបស់គណបក្ស DP បានឲ្យដឹងថា ខ្លួនគ្រោងនឹងធ្វើការបោះឆ្នោតលើសំណើនេះនៅម៉ោងប្រហែល ៧ យប់ថ្ងៃសៅរ៍ ដើម្បីអនុញ្ញាតឱ្យសមាជិកសភាគណបក្សកាន់អំណាចមានពេលវេលាគ្រប់គ្រាន់ ដើម្បីពិចារណាលើការសម្រេចចិត្តរបស់ពួកគេលើសកម្មភាពរបស់លោក Yoon ។
សំណើនេះត្រូវបានរាយការណ៍ទៅសម័យប្រជុំពេញអង្គនៃរដ្ឋសភានៅព្រឹកថ្ងៃពុធ។ នៅក្រោមច្បាប់ ចលនាចោទប្រកាន់ត្រូវតែដាក់ឱ្យបោះឆ្នោតក្នុងរយៈពេល ៧២ ម៉ោងបន្ទាប់ពីត្រូវបានគេរាយការណ៍។ សំឡេងភាគច្រើនពីរភាគបីត្រូវបានទាមទារដើម្បីអនុម័តញត្តិនេះ ដែលត្រូវការការគាំទ្រពីសមាជិកសភាយ៉ាងតិច ៨នាក់នៃគណបក្សអំណាចប្រជាជន (PPP)។
មេដឹកនាំ PPP លោក Han Dong-hoon បានសន្យាថានឹងប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងការអនុម័តនៃចលនានេះ ដែលនឹងព្យួរតួនាទីជាប្រធានាធិបតីរបស់លោក Yoon ភ្លាមៗ។ គណបក្ស DP បានឲ្យដឹងថា ខ្លួនក៏នឹងព្យាយាមធ្វើការបោះឆ្នោតឡើងវិញលើវិក័យប័ត្រដែលអំពាវនាវឱ្យមានការស៊ើបអង្កេតពីទីប្រឹក្សាពិសេសលើការចោទប្រកាន់អំពើពុករលួយ និងការជ្រៀតជ្រែកការបោះឆ្នោតរបស់ជំទាវទី១ Kim Keon Hee រួមជាមួយនឹងការបោះឆ្នោតចោទប្រកាន់ នៅថ្ងៃសៅរ៍៕
ប្រែសម្រួល ឈូក បូរ៉ា