គៀវ៖ យ៉ាងហោចណាស់មនុស្ស ១២នាក់បានស្លាប់ និង ៣៩នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេវារដ្ឋសម្រាប់គ្រាអាសន្នបានឲ្យដឹងថា មនុស្ស ១០នាក់បានបាត់បង់ជីវិត និង ២០នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលការទម្លាក់គ្រាប់បែកពីលើអាកាសបានវាយប្រហារទីក្រុង Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន ដោយបានឆាបឆេះនៅស្ថានីយ៍សេវារថយន្តមួយកន្លែង។
អគ្គិភ័យដែលឆេះរាលដាលដល់ផ្ទៃដី ២៥០ម៉ែត្រការ៉េ និងខូចខាតយានយន្ដ ៦គ្រឿង ក្រោយមកទើបត្រូវបានពន្លត់។
លោក Oleksandr Vilkul ប្រធានក្រុមប្រឹក្សាការពារទីក្រុងបាននិយាយថា នៅទីក្រុង Kryvyi Rih ភាគកណ្តាលនៃប្រទេសអ៊ុយក្រែន មីស៊ីលផ្លោងមួយបានវាយប្រហារទៅលើអគាររដ្ឋបាលជនស៊ីវិល ដោយបានសម្លាប់មនុស្ស ២នាក់ និង ១៩នាក់ផ្សេងទៀតរងរបួស។
លោក Vilkul បានលើកឡើងថា ការវាយប្រហារនេះក៏បានបំផ្លាញអគារអាផាតមិនចំនួន៦ ផ្ទះឯកជនចំនួន៥ និងរថយន្តមួយចំនួនផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា