មីនស៍៖ ដំណើរទស្សនកិច្ចទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងសមភាគីបេឡារុស្សលោក Alexander Lukashenko បានចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយ ស្តីពីការធានាសន្តិសុខរវាងរុស្ស៊ី និងបេឡារុស្ស ក្នុងក្របខ័ណ្ឌនៃរដ្ឋសហភា ពនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
វិមានក្រឹមឡាំងបានរាយការណ៍ដោយដកស្រង់សម្តីលោក ពូទីន នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋសហភាពនៅទីក្រុងមីនស៍ ថា “ខ្ញុំប្រាកដណាស់ថា សន្ធិសញ្ញានេះនឹងការពារសន្តិសុខរបស់រុស្ស៊ី និងបេឡារុស្ស ប្រកបដោយភាពជឿជាក់ ហើយជាលទ្ធផលបង្កើតលក្ខខណ្ឌសម្រាប់ការបន្តការអភិវឌ្ឍដោយសន្តិភាព និងនិរន្តរភាពនៃប្រទេសទាំងពីរ” ។
យោងតាមមេដឹកនាំរុស្ស៊ី កតិកាសញ្ញាថ្មីនេះបានគូសបញ្ជាក់អំពីកាតព្វកិច្ចការពារទៅវិញទៅមក សំដៅការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសរុស្ស៊ី និងបេឡារុស្ស “ជាមួយនឹងការប្រើប្រាស់កម្លាំង និងមធ្យោបាយដែលមានទាំងអស់” រួមទាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី។
លោកបានរំលឹកថា ទីក្រុងមូស្គូរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏មានសក្តានុពលជាមួយនឹងអាវុធប្រល័យលោក ឬអាវុធធម្មតា ដែលបង្កើតការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសរុស្ស៊ី ឬបេឡារុស្ស ដូចដែលបានកំណត់ក្នុងគោលលទ្ធិនុយក្លេអ៊ែរថ្មីរបស់រុស្ស៊ី។
លោក Lukashenko បានឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំថា “ជាមួយនឹងការចុះហត្ថលេខាលើ សន្ធិសញ្ញាអន្តររដ្ឋ ស្តីពីការធានាសន្តិសុខនៅថ្ងៃនេះ យើងកំពុងឈានដល់កម្រិត ដែលមិនធ្លាប់មានពីមុនមកនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងការសម្របសម្រួលយោធា”៕
ប្រែសម្រួល ឈូក បូរ៉ា