ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អះអាងថា មេដឹកនាំ​អង្គភាព​ទ័ពអាកាស​របស់ក្រុមហាម៉ាស់ ត្រូវ​បាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​ នៅ​តំបន់ហ្គាហ្សា

afp

យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល បានប្រកាសថា ពួកគេបានសម្លាប់លោក Nidal Al-Najar ដែលជាប្រធានអង្គភាពការពារដែនអាកាសរបស់ក្រុមហាម៉ាស់ នៅទីក្រុងហ្គាហ្សា។

លោក Al-Najar ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ជា​អ្នក​រៀបចំ​ការ​ជ្រៀត​ចូល​តាម​អាកាស​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​មុន នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម។

សេចក្តីថ្លែងការណ៍បានពណ៌នាលោក Al-Najar ជាតួអង្គសំខាន់ក្នុងការវាយប្រហារលើកងកម្លាំងអ៊ីស្រាអែល និង IDF រួមទាំងប្រតិបត្តិការយន្តហោះដ្រូនសំដៅលើកងទ័ពនៅតំបន់ហ្គាហ្សាភាគកណ្តាល។

ដោយឡែក IDF បានលាតត្រដាងកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួនបានរកឃើញ និងរុះរើកំណាត់ផ្លូវរូងក្រោមដី ដែលជាប់គាំងក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងទីក្រុងរ៉ាហ្វា ដែលជាទីក្រុងមួយនៅភាគខាងត្បូងតំបន់ហ្គាហ្សា ។  ផ្លូវរូងក្រោមដី ដែលត្រូវបានរចនាឡើង ដើម្បីកំណត់គោលដៅកងកម្លាំងអ៊ីស្រាអែល ត្រូវបានរកឃើញរួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធប្រយុទ្ធយ៉ាងទូលំទូលាយ។

អ៊ីស្រាអែល បាននឹងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១២០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top