ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានពីហានិភ័យនៃ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន

AFP

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានអំពីហានិភ័យ នៃការកើនឡើងនូវជម្លោះនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន ដោយបញ្ជាក់សារជាថ្មីថា រុស្ស៊ីនៅតែបើកចំហ ចំពោះការសន្ទនា។

នៅក្នុងវីដេអូបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអ្នកយកព័ត៌មានជនជាតិអាមេរិក Tucker Carlson នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Lavrov បានពិភាក្សាអំពីទំនាក់ទំនង រវាងប្រទេសរុស្ស៊ី-សហរដ្ឋអាមេរិក វិបត្តិអ៊ុយក្រែន និងទិដ្ឋភាពភូមិសាស្ត្រនយោបាយ កាន់តែទូលំទូលាយ។

លោក Lavrov បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវោហាសាស្ត្រមួយចំនួន របស់មន្ត្រីមួយចំនួននៅក្នុងមន្ទីរបញ្ចកោណ និងណាតូ អំពីការវាយប្រហារនុយក្លេអ៊ែរ ដែលមានកម្រិតលើប្រទេសរុស្ស៊ី ដោយមិនអនុញ្ញាតឱ្យទឹកដីសហរដ្ឋអាមេរិក ចូលរួមក្នុងជម្លោះនុយក្លេអ៊ែរ ដោយសង្កត់ធ្ងន់ថា សកម្មភាពបែបនេះអាចឈានទៅរកការកើនឡើង ដែលមិនអាចគ្រប់គ្រងបាន។

រដ្ឋមន្ត្រីការបរទេសរូបនេះបានឲ្យដឹងថា “គោលលទ្ធិយោធារបស់រុស្ស៊ី និយាយថាអ្វីដែលសំខាន់បំផុត គឺការជៀសវាងសង្គ្រាមនុយក្លេអ៊ែរ” ហើយបានសំដៅទៅលើសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំង៥ នៅក្នុងខែមករា ឆ្នាំ២០២២ ដែលបានឲ្យដឹងថា “សង្រ្គាមនុយក្លេអ៊ែរមិនអាចត្រូវ​ឈ្នះ ហើយ​មិន​ត្រូវ​វាយ​ប្រហារ​ឡើយ”។

លោកបានរំលឹកឡើងវិញនូវ ការប្រឆាំងដ៏យូរអង្វែងរបស់រុស្ស៊ី ចំពោះការពង្រីកទៅទិសខាងកើត របស់អង្គការណាតូ ដោយបានបន្ទោសលោកខាងលិច ចំពោះការមិនអើពើនឹងកង្វល់សន្តិសុខរបស់រុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top