បេរូត៖ ប្រភពពីសន្តិសុខបានឲ្យដឹងកាលពីថ្ងៃសុក្រថា កងទ័ពរបស់ប្រទេសលីបង់ បានពង្រឹងការដាក់ពង្រាយរបស់ខ្លួននៅតាមព្រំដែនរវាងប្រទេសលីបង់ និងស៊ីរី នៅក្នុងតំបន់ Bekaa ស្របពេលមានជម្លោះកាន់តែខ្លាំងឡើងនៅក្នុងប្រទេសស៊ីរី ។
ផ្អែកតាមចំណាត់ការនេះគឺបានកើតឡើងនៅគ្រាដែលប្រទេសលីបង់ បារម្ភថា ការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមអាចបង្កើនលទ្ធភាពនៃក្រុមជ្រុលនិយមឈានដល់ព្រំដែនលីបង់ថែមទៀត ។
ប្រភពសន្តិសុខលីបង់ដែលអនាមិកបានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កងទ័ពបានបង្កើនការត្រៀមខ្លួន និងពង្រឹងវត្តមានរបស់ខ្លួននៅតាមព្រំដែន375 គីឡូម៉ែត្រដែលខណ្ឌចែកគ្នារវាងប្រទេសលីបង់ និងស៊ីរី ។
ពួកគេបានឲ្យដឹងទៀតថា អង្គភាពមកពីកងវរសេនាធំទ័ពអាកាសត្រូវបានដាក់ពង្រាយទៅកាន់ជួរភ្នំភាគខាងកើតក្បែរព្រំដែនស៊ីរី រួមជាមួយនឹងឆ្មាំព្រំដែនគោកដែលត្រូវបានចាត់តាំងឱ្យត្រួតពិនិត្យផ្លូវតាមជើងភ្នំ និងច្រកឆ្លងកាត់ខុសច្បាប់ដែលតភ្ជាប់ប្រទេសទាំង២ ។
ប្រទេសលីបង់នៅតែមានការព្រួយបារម្ភអំពីព្រឹត្តិការណ៍កើតឡើងដដែលៗនៃឆ្នាំ២០១៤ នៅគ្រាដែលក្រុមប្រដាប់អាវុធមកពីក្រុម ISIS និង Jabhat al-Nusra បានវាយលុកមកលើទីក្រុងព្រំដែន Arsal ដោយបានសម្លាប់ទាហាន និងជនស៊ីវិលមុនពេលកាន់កាប់តំបន់តាមបណ្តោយព្រំដែនលីបង់ និងស៊ីរីអស់រយៈពេលជាច្រើនឆ្នាំមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា