បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានជួបពិភាក្សាដែលមានរយៈពេលខ្លីមយយជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky នៅទីក្រុងប៉ារីស។
ទោះបីជាយ៉ាងណាក្តីគ្មានសេចក្តីថ្លែងការណ៍រួមណាមួយត្រូវបានចេញផ្សាយបន្ទាប់ពីការចរចាត្រីភាគីនោះទេ ប៉ុន្តែ លោកZelensky បានសាទរការសន្ទនានេះថាជារឿងដ៏ល្អ និងផលិតភាព ។
លោក Trump បានធ្វើដំណើរមកដល់ទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ដើម្បីចូលរួមក្នុងការបើកឡើងវិញនៃវិហារ Notre Dame ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងអគ្គីភ័យក្នុងឆ្នាំ២០១៩ ។
ដំណើរនេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក Trump ចាប់តាំងពីគាត់បានយកឈ្នះលើលោកស្រី Kamala Harris ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែមុន។
ប្រភពដដែលបានសរសេរទៀតថាលោក Trump និង Macron បានចែករំលែកការឱបក្រសោបយ៉ាងកក់ក្តៅនៅខាងក្រៅវិមាន ហើយនិយាយទៅកាន់អ្នកសារព័ត៌មាននៅខាងក្នុង លោក Macron បាននិយាយថា វាគឺជា កិត្តិយសដ៏អស្ចារ្យក្នុងការធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអាមេរិកដែលចូលមកកាន់តំណែង។
លោក Zelensky ដែលដើមឡើយត្រូវរៀបចំកិច្ចប្រជុំមួយទល់មួយជាមួយ Macron បានមកដល់ជិតមួយម៉ោងក្រោយមក មុនពេលអ្នកទាំងបីបានជួបគ្នាប្រហែល ៣៥នាទី ហើយមេដឹកនាំទាំងបីមិនបាននិយាយទៅកាន់អ្នកសារព័ត៍មានទេ ក្រោយមកក៏បានចាកចេញទៅ Notre Dame ដាច់ដោយឡែកពីគ្នាបន្ទាប់ពីថតរូបជុំគ្នារួចរាល់៕
ប្រែសម្រួល៖ ស៊ុនលី