ព័ត៌មានអន្តរជាតិ

ទីក្រុងគៀវ ៖ យន្តហោះចម្បាំង F-16 ជាច្រើនបន្ថែមទៀតត្រូវបានបញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បានប្រកាសថា ប្រទេសអ៊ុយក្រែន បានទទួលយន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក កញ្ចប់ទី២ ពីប្រទេសដាណឺម៉ាកហើយលោកបានអះអាងថា យន្តហោះនេះនឹងជួយការពារប្រទេសពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។

មេដឹកនាំអ៊ុយក្រែនបានធ្វើសេចក្តីប្រកាសនៅព្រឹកថ្ងៃសៅរ៍នេះ ដោយមិនបានបញ្ជាក់ពីចំនួនយន្តហោះចម្បាំងទំនើបៗដែលទីក្រុងគៀវ បានទទួល ឬថាតើពួកគេត្រូវបានដាក់ពង្រាយរួចហើយឬអត់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ Zelensky បានអះអាងថា យន្តហោះពីកញ្ចប់ទី១ ដែលផ្តល់ដោយប្រជាជនដាណឺម៉ាកកំពុងស្ទាក់ចាប់មីស៊ីលរុស្ស៊ីរួចហើយ ។

លោកZelensky បានសរសេរនៅលើបណ្តាញសង្គម X ដោយអរគុណនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen សម្រាប់ការគាំទ្ររបស់នាងថាឥឡូវនេះ ខែលការពារអាកាសរបស់យើងត្រូវបានពង្រឹងបន្ថែមទៀត។

គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យសម្ព័ន្ធមិត្ត របស់អង្គការណាតូផ្តល់ឱ្យទីក្រុងគៀវនូវយន្តហោះ F-16 នៅរដូវក្តៅឆ្នាំ២០២៣ ដោយមានប្រទេសលោកខាងលិចមួយចំនួនបានជួយបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ទីក្រុងគៀវ ត្រូវបានគេសន្មត់ថានឹងទទួលបានយន្តហោះប្រហែល ៨០គ្រឿង ដោយប្រទេសដាណឺម៉ាកបានប្តេជ្ញាផ្គត់ផ្គង់យន្តហោះ F-16 សរុបចំនួន ១៩គ្រឿង៕

ប្រែសម្រួល៖ ស៊ុនលី

To Top