បរទេស ៖ យោងតាមការចេញ ផ្សាយ របស់ RT អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានទទួល សិទ្ធិជ្រកកោន នៅក្នុងប្រទេសរុស្ស៊ី ហើយនិង ព្រមទាំង បានធ្វើដំណើរមកដល់ទីក្រុង មូស្គូជាមួយក្រុមគ្រួសារ របស់គាត់ផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti និង TASS បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពពីវិមាន ក្រឹមឡាំង ទៀតថា ដំណើរ ទស្សនកិច្ចនេះកើតឡើង នៅពេលដែលពួកសកម្ម ប្រយុទ្ធស៊ីរីដណ្តើមកាន់កាប់ក្រុងដាម៉ាស ដោយបញ្ចប់ការគ្រប់គ្រង រយៈពេល២៤ឆ្នាំ របស់លោកAssadជាស្ថាពរ។
ការវាយប្រហារដណ្តើម បានរដ្ឋធានីស៊ីរីយ៉ាងឆាប់រហ័ស គឺ ជាចំណុចបញ្ចប់នៃការ វាយលុកទ្រង់ទ្រាយធំ ដែលបានចាប់ផ្តើម ដោយក្រុម Hayat Tahrir al-Sham (HTS) ។
គួរឲ្យដឹងដែរក្រុមដែលដឹកនាំ ដោយអតីតមេបញ្ជាការអាល់កៃដា និងពីមុនត្រូវបានគេស្គាល់ថាជា Jabhat al-Nusra ក្រុមនេះបានចាប់ផ្តើមការវាយលុកដ៏ គួរឱ្យភ្ញាក់ផ្អើលមួយពីខេត្ត Idlib ដែលគ្រប់គ្រង ដោយក្រុមប្រឆាំង នៅភាគខាងជើង ប្រទេសស៊ីរីកាលពីសប្តាហ៍មុន ។
មកទល់ពេលនេះក្រុមជីហាត បានបណ្តេញកងទ័ព ស៊ីរីចេញពីទីក្រុងអាឡិប៉ូ ហាម៉ា ហូម និងអាល់ ឃ្យូសាយ៉រ នៅព្រំដែនលីបង់ មុននឹងឈាន ទៅដល់ក្រុងដាម៉ាស។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារTASS បានរាយការណ៍ថា ទីក្រុងមូស្គូបានអំពាវនាវ ឱ្យមានការបន្តការចរចា ដែលដឹកនាំដោយអង្គការ សហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិស៊ីរី ។
ជាលទ្ធផលមេដឹកនាំ នៃក្រុមប្រឆាំងប្រដាប់អាវុធ ស៊ីរីបានធានាសុវត្ថិភាព នៃមូលដ្ឋានយោធារុស្ស៊ី និងបេសកកម្មការទូត ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសស៊ីរី ៕
ប្រែសម្រួល៖ស៊ុនលី