តូក្យូ៖ មន្រ្តីរដ្ឋាភិបាលជប៉ុន បានសម្ដែងការព្រួយបារម្ភថា ភាពចលាចលនយោបាយដែលកំពុងបន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង អាចបង្អាក់ការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រភពក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol អាចមានការជាប់គាំង ទោះបីជាលោក បានរួចផុតពីការចោទប្រកាន់លើការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ដែលបង្កឱ្យមានការថ្កោលទោសពីសមាជិកសភា និងសាធារណជនក៏ដោយ។
សំណើនេះត្រូវបានលុបចោលដោយសារតែខ្វះចំនួនអ្នកបោះឆ្នោត ដែលត្រូវការនៅក្នុងសភា។ ប្រភពបានឲ្យដឹងថា “យើងអាចត្រលប់ទៅថ្ងៃដែលទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅៗ” ។ ប្រភពពីជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងខែមករា ប៉ុន្តែនៅពេលនេះ ការធ្វើដំណើរនោះមានការសង្ស័យថា អាចនឹងលើកពេលវិញ។
លោក Yoon ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០២២ បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងជាមួយប្រទេសជប៉ុន រួមទាំងការយល់ព្រមលើដំណោះស្រាយមួយទាក់ទងនឹងការទាមទារសំណងពីប្រជាជនកូរ៉េខាងត្បូង ជុំវិញពលកម្មក្នុងសម័យសង្គ្រាមក្នុងអំឡុងការគ្រប់គ្រងអាណានិគមរបស់ជប៉ុនឆ្នាំ១៩១០-១៩៤៥ នៃឧបទ្វីបកូរ៉េ។
រដ្ឋាភិបាលជប៉ុនមានការព្រួយបារម្ភថា ការរិះគន់កាន់តែខ្លាំងឡើងលើលោក Yoon នៅក្នុងប្រទេសកូរ៉េខាងត្បូង អាចបង្កឱ្យមានប្រតិកម្មខ្លាំងប្រឆាំងនឹងគោលនយោបាយដែលប្រធានាធិបតីបានអនុវត្ត។ ប្រភពរដ្ឋាភិបាលមួយផ្សេងទៀតបានសម្តែងក្តីសង្ឃឹមថា “ទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង នឹងមិនក្លាយជាផ្នែកមួយនៃជម្លោះរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង” នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា