ព័ត៌មានអន្តរជាតិ

ជនជាតិមិកស៊ិកប៉ុនប៉ង បង្វែរគោលដៅ ចុះចតយន្តហោះមួយគ្រឿង របស់សហរដ្ឋអាមេរិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានឱ្យដឹងថា បុរសជនជាតិម៉ិកស៊ិកអាយុ ៣១ឆ្នាំម្នាក់ បានព្យាយាមបង្ខំ យន្តហោះដែលធ្វើដំណើរឆ្ពោះទៅ Baja California ដើម្បីបង្វែរទិសដៅ ទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានអ្នក ដំណើរផ្សេង ទៀតព្យាយាមរារាំងបានសម្រេច ។

ជើងហោះហើរលេខ Volaris 3041 ត្រូវបានធ្វើដំណើរពី Leon ទៅកាន់ Tijuana កាលពីថ្ងៃអាទិត្យ នៅពេលដែលអ្នក ដំណើរម្នាក់ បានក្រោកពីកៅអីរបស់គាត់ ហើយព្យាយាមបង្វែរជើងហោះ ហើរដោយបង្ខំខណៈភ្លាមៗ អ្នកដំណើរផ្សេងទៀត បាននាំគ្នាចាប់គាត់ឱ្យចុះចូល ហើយក្រុមពីឡុតបានបង្វែរយន្តហោះទៅ Guadalajara ជំនួសវិញផងដែរ។

ក្រសួងទទួលបន្ទុកកិច្ចការងារ ហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនង និងដឹកជញ្ជូនម៉ិកស៊ិកបាន និយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ជំនួយសង្គ្រោះ បន្ទាន់ត្រូវបានផ្តល់ដល់ក្រុមហ៊ុនអាកាសចរណ៍ ដូច្នេះយន្តហោះអាចចុះចតដោយគ្មាន ឧបទ្ទវហេតុនៅអាកាសយានដ្ឋានអន្តរជាតិ Guadalajara ហើយអ្នកដំណើរត្រូវបានឃុំខ្លួនរួចហើយផងដែរ។

យោងតាមប៉ូលីសលោក Mario បាននិយាយថា សាច់ញាតិ របស់គាត់ត្រូវបានចាប់ពង្រត់ ហើយអ្នកចាប់ពង្រត់បាន ផ្ញើសារមកគាត់ថា គាត់នឹងត្រូវសម្លាប់ រួមជាមួយនឹងប្រពន្ធ និងកូនពីរនាក់របស់គាត់ ប្រសិនបើគាត់ត្រឡប់ទៅ Tijuana ។

លោកMario គឺជាអ្នកស្រុក Penjamo ក្នុងរដ្ឋ Guanuajuato ដែលជារដ្ឋ ដែលមានចំនួន មនុស្សឃាតច្រើន ជាងគេជាយូរយារណាស់មកហើយនៅក្នុងប្រទេសម៉ិកស៊ិក។
ក្រុមជួញដូរគ្រឿងញៀនចំនួន ពីរគឺ Jalisco និង Santa Rosa de Lima បានប្រយុទ្ធគ្នាក្នុងសង្គ្រាម វាលស្មៅរយៈពេលជាច្រើនឆ្នាំ ដែលសម្គាល់ ដោយឃាតកម្ម និងការចាប់ជំរិតហើយបើ យោងតាមប៉ូលីសក្រុមឧក្រិដ្ឋជន ម៉ិកស៊ិកបានប្រើប្រាស់ ចំណាប់ខ្មាំងជាយូរមកហើយ ដើម្បីបង្ខំជនស៊ីវិលឱ្យប្រព្រឹត្ត ឧក្រិដ្ឋកម្មជំនួសពួកគេជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top