បរទេស៖ គណបក្ស Bhumjaithai បានជំទាស់នឹងសេចក្តីស្នើច្បាប់ ដែលស្នើឡើងដោយគណបក្សភឿថៃ ដែលកំពុងកាន់អំណាច ដើម្បីធ្វើវិសោធនកម្មច្បាប់ រដ្ឋបាលក្រសួងការពារជាតិ ដែលត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីទប់ស្កាត់សមត្ថភាព របស់យោធាក្នុងការធ្វើរដ្ឋប្រហារ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃចន្ទថា លោកមិនគិតថា ច្បាប់នេះនឹងរារាំងការព្យាយាមទម្លាក់ រដ្ឋាភិបាលនោះទេ ដោយលោកបន្ថែមថា អ្នកនយោបាយមិនត្រូវបង្កើតលក្ខខណ្ឌ ដែលយោធាអាចប្រើជាលេស ដើម្បីធ្វើរដ្ឋប្រហារនោះទេ។
លោក Anutin ដែលជារដ្ឋមន្ត្រីមហាផ្ទៃបានមានប្រសាសន៍ថា “មានលក្ខខណ្ឌមួយចំនួនសម្រាប់រដ្ឋប្រហារ។ លក្ខខណ្ឌបែបនេះភាគច្រើន កើតចេញពីអ្នកនយោបាយ។ ប្រសិនបើយើងមិនបង្កើតវាទេ រដ្ឋប្រហារទំនងជាមិនកើតឡើងទេ” ។
លោកបានថ្លែងថា៖ «ច្បាប់ណាដែលនឹងត្រូវបានអនុម័ត បើរដ្ឋប្រហារកើតឡើង រឿងដំបូងសម្រាប់អ្នកធ្វើ រដ្ឋប្រហារគឺការហែករដ្ឋធម្មនុញ្ញ»។ «អ្នកនយោបាយទាំងអស់គួរតែ ធ្វើគឺអនុវត្តភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ និងសុច្ចរិត ហើយចៀសវាងការបែកបាក់គ្នា»។
ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក Phumtham Wechaiyachai កាលពីថ្ងៃច័ន្ទបានព្យាយាម បន្ថយការព្រួយបារម្ភដោយថា ច្បាប់នេះនឹងកាត់បន្ថយអំណាចរបស់យោធា និងបង្កើតជម្លោះរវាងរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ។ លោកបន្តថា ច្បាប់នេះឥឡូវត្រូវបានពិនិត្យ ដោយក្រុមពិនិត្យរបស់រដ្ឋាភិបាល និងក្រុមប្រឹក្សាការពារជាតិ ៕
ប្រែសម្រួលៈ ណៃ តុលា