វ៉ាស៊ីនតោន ៖ កងកម្លាំងសហរដ្ឋអាមេរិក បានឲ្យដឹងថា ពួកគេកំពុងផ្អាកការហោះហើរទាំងអស់ជាបណ្តោះអាសន្ននៃប្រភេទយន្ដហោះ V-22 Osprey របស់ពួកគេដោយសារតែបញ្ហាសុវត្ថិភាព។
បញ្ជាការប្រព័ន្ធអាកាសរបស់កងទ័ពជើងទឹក បានឲ្យដឹងថា វាបានផ្តល់អនុសាសន៍ កាលពីថ្ងៃសុក្រឱ្យផ្អាកប្រតិបត្តិការ សម្រាប់ការហោះហើររបស់យន្តហោះ Osprey ខណៈដែលថ្មីៗនេះមានការចុះចត ដោយប្រុងប្រយ័ត្ននៃយន្តហោះ CV-22 ។ ប្រភពបានឲ្យដឹងថា សំណើនេះត្រូវបានធ្វើឡើង “ដោយការប្រុងប្រយ័ត្នច្រើន” ទោះបីជាមិនមានរបួសដល់នាវិកក៏ដោយ ។
បញ្ជាការក៏បានឲ្យដឹងផងដែរថា ក្រសួងការពារជាតិ បានជូនដំណឹងដល់ប្រទេសជប៉ុន អំពីអនុសាសន៍របស់ខ្លួន។ ការផ្អាកនេះកើតឡើង បន្ទាប់ពីយោធាអាមេរិក បានបញ្ឈប់ការហោះហើរយន្ដហោះ Ospreys ទាំងអស់របស់ខ្លួននៅទូទាំងពិភពលោក អស់រយៈពេលជាច្រើនខែបន្ទាប់ពីការធ្លាក់យន្តហោះកាលពីខែវិច្ឆិកាឆ្នាំមុនដែល បានសម្លាប់សមាជិកសេវាកម្មអាមេរិកប្រាំបីនាក់នៅក្នុងប្រទេសជប៉ុន ។
យន្ដហោះ Ospreys – ដែលហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្រ ប៉ុន្តែអាចហោះហើរដូចយន្តហោះដោយសារតែ rotor របស់វា មានប្រវត្តិនៃគ្រោះថ្នាក់ ហើយការធ្លាក់ មានមនុស្សស្លាប់ច្រើនបំផុត ពាក់ព័ន្ធនឹងយន្តហោះ ដែលផលិតនៅសហរដ្ឋអាមេរិកប្រភេទនេះ។
កាលពីថ្ងៃច័ន្ទ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ កងកម្លាំងទ័ពអាកាស កងទ័ពជើងទឹក និងកងម៉ារីនរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ពីការផ្អាកហោះហើរយន្ដហោះ Osprey៕
ប្រែសម្រួល ឈូក បូរ៉ា