ព័ត៌មានអន្តរជាតិ

ចិន ប្រកាសដាក់កំហិតទិដ្ឋាការ លើមន្រ្តីរដ្ឋាភិបាលអាមេរិក ជុំវិញការជ្រៀតជ្រែក ក្នុងកិច្ចការហុងកុង

China Daily

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានសម្រេចចិត្តដាក់កំហិតទិដ្ឋាការ លើបុគ្គលិកអាមេរិក ជុំវិញការជ្រៀតជ្រែកក្នុងកិច្ចការហុងកុង។

អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានធ្វើសេចក្តីប្រកាសនៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាស របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដើម្បីដាក់កំហិតទិដ្ឋាការលើមន្ត្រី នៃរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង។

លោកស្រីបានលើកឡើងថា “យើងបានបង្ហាញពីជំហររឹងមាំ របស់យើងរួចហើយ ចំពោះទង្វើរបស់សហរដ្ឋអាមេរិក” ដោយបានបន្ថែមថា តាមរយៈការបំពានលើការរឹតបន្តឹង ទិដ្ឋាការលើមន្ត្រីចិនក្រោមលេស នៃបញ្ហាទាក់ទងនឹងហុងកុង សហរដ្ឋអាមេរិក បានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាននៃ ការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។

ដោយអនុលោមតាមបទប្បញ្ញត្តិ ពាក់ព័ន្ធនៃច្បាប់ស្តីពីទំនាក់ទំនងបរទេស នៃសាធារណៈរដ្ឋប្រជាមានិតចិន និងច្បាប់នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការប្រឆាំងទណ្ឌកម្មបរទេស ប្រទេសចិនបានសម្រេចដាក់កំហិត ទិដ្ឋាការលើមន្រ្តីអាមេរិក ដែលប្រព្រឹត្តអំពើអាក្រក់ ទាក់ទងនឹងទីក្រុងហុងកុង។ 

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ហុងកុងជាផ្នែកមួយនៃប្រទេសចិន ហើយកិច្ចការហុងកុងគឺជា កិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបន្ដបានបន្ដថា “យើងជំរុញឱ្យសហរដ្ឋអាមេរិក គោរពយ៉ាងពិតប្រាកដនូវ អធិបតេយ្យភាពរបស់ប្រទេសចិន គោរពនីតិរដ្ឋនៅក្នុងទីក្រុងហុងកុង និងបញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការហុងកុងក្នុងគ្រប់រូបភាព” ។

លោកស្រីបានកត់សម្គាល់ថា ប្រទេសចិនប្តេជ្ញាការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ដោយប្តេជ្ញាអនុវត្តគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” ហើយនៅតែមិនផ្លាស់ប្តូរក្នុងការ ប្រឆាំងនឹងកងកម្លាំងខាងក្រៅណាមួយ ដែលជ្រៀតជ្រែកក្នុងកិច្ចការហុងកុង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top