ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃ ចាប់ខ្លួនស្រ្តីអ្នកសុំទានជនជាតិថៃម្នាក់ រកឃើញលុយ ៣០ម៉ឺនបាត និងលុយក្នុងកុងធនាគារ ១លានបាតទៀត

Photo: Bangkok Protection Centre for the Destitute

បរទេស៖ អ្នកសុំទានជនជាតិថៃ និងបរទេសចំនួន១២នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការរបស់ប៉ូលិស ដើម្បីបោសសម្អាតអ្នកសុំទាននៅទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍។ អ្នកសុំទានជនជាតិថៃម្នាក់ត្រូវបាន គេរកឃើញថាបានយកលុយជាង ៣០០.០០០ បាត ហើយថែមទាំងមានប្រហែលមួយលានបាត នៅក្នុងគណនីធនាគារថែមទៀត។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីអន្តោប្រវេសន៍, ប៉ូលិស Lumpini និងសន្តិសុខមនុស្សជាតិ និងមន្ត្រីសុខុមាលភាពសង្គម ត្រូវបានបញ្ជូនទៅត្រួតពិនិត្យ តំបន់សេដ្ឋកិច្ចរបស់ទីក្រុងបាងកកនៅផ្លូវ Sukhumvit ពីផ្លូវបំបែក Asok ដល់តំបន់ Nana កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការត្អូញត្អែរថាអ្នកសុំទាន ជាច្រើនបានរីកដុះដាលនៅតាមបណ្តោយផ្លូវនេះ ដែលធ្វើឲ្យខូចមុខមាត់ទេសចរណ៍របស់ប្រទេសថៃ។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោកវរសេនីយ៍ Suriya Puangsombat អនុប្រធាន​ការិយាល័យ​អន្តោប្រវេសន៍​ផ្នែក​ទី១ និង​លោក Thapanee Sirisomboon ប្រធាន​មជ្ឈមណ្ឌល​ការពារ​ជនទុរគត​ទីក្រុង​បាងកក។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនជាតិ​ថៃ ៨​នាក់ ខ្មែរ ២​នាក់ ឡាវ​ម្នាក់ និង​មី​យ៉ាន់​ម៉ា​ម្នាក់ ពីបទ​សុំទាន​។ ក្រុម​ប៉ូលិសបាន​និយាយ​ថា អ្នក​សុំ​ទាន​បរទេស​ទាំង​បួន​នាក់​ ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​បន្ថែម​ពី​ការ​ចូល​ប្រទេសថៃដោយខុស​ច្បាប់។

ក្នុងចំណោមអ្នកសុំទានទាំងនោះ គឺមាន ស្ត្រីជនជាតិថៃម្នាក់ត្រូវបានគេរកឃើញថា មានលុយជាង ៣០០.០០០ បាតនៅក្នុងកម្មសិទ្ធិរបស់នាង និងគណនីធនាគារដែលមាន លុយប្រហែលមួយលានបាត។ នាង​បាន​ប្រាប់​សមត្ថកិច្ច​ថា នាង​បាន​ប្រមូល​លុយ​ទាំងនេះពី​ការ​សុំ​ទាន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top