ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ប្រឈមមុខនឹងការបោះឆ្នោតចោទប្រកាន់លើកទីពីរ ជុំវិញការចេញច្បាប់អាជ្ញាសឹក

afp

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រឈមមុខនឹងការបោះឆ្នោតចោទប្រកាន់ជាលើកទីពីរនៅថ្ងៃសៅរ៍ ជុំវិញការប៉ុនប៉ងរយៈពេលខ្លីរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹក ដែលជាទង្វើមួយដែលធ្វើឱ្យប្រទេសមានការភ្ញាក់ផ្អើល នាំឱ្យបំបែកក្នុងគណបក្សរបស់លោក និងរារាំងតំណែងប្រធានាធិបតីរបស់លោកពាក់កណ្តាលអាណត្តិ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណាត់ការរបស់គាត់ក្នុងការដាក់ការគ្រប់គ្រងយោធានៅថ្ងៃទី៣ ខែធ្នូ ត្រូវបានរំសាយចោលវិញក្នុងរយៈពេល ៦ម៉ោងក្រោយមកបន្ទាប់ពីសភាបានផ្គើនជាមួយកងទ័ពនិងប៉ូលីសដើម្បីបោះឆ្នោតប្រឆាំងនឹងក្រឹត្យនេះ ប៉ុន្តែវាបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញនិងបង្កឱ្យមានការអំពាវនាវយ៉ាងទូលំទូលាយឱ្យលោកចុះចេញពីតំណែងពីបទបំពានច្បាប់។

គណបក្ស​ប្រឆាំង​ គ្រោង​នឹង​ធ្វើ​ការ​បោះឆ្នោត​ចោទ​ប្រកាន់​នៅ​ម៉ោង ៤ រសៀល នៅថ្ងៃសៅរ៍ ដោយមានបាតុកម្មដ៏ធំដែលគ្រោងទុកមុនការបោះឆ្នោត។ ចំណែកគណបក្ស​អំណាច​ប្រជាជន​អភិរក្ស​របស់​លោក Yoon បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ចោទប្រកាន់​លើក​ដំបូង​មួយ​សប្តាហ៍​មុន​នេះ ដោយ​រារាំង​កូរ៉ុម។

ចាប់តាំងពីពេលនោះមក មេដឹកនាំ PPP លោក Han Dong-hun បានជំរុញសមាជិកបក្សឱ្យបោះឆ្នោតសម្រាប់ការចោទប្រកាន់នៅថ្ងៃសៅរ៍ ហើយយ៉ាងហោចណាស់សមាជិក PPP ចំនួនប្រាំពីរបាននិយាយថា ពួកគេនឹងបោះឆ្នោតដើម្បីចោទប្រកាន់ប្រធានាធិបតី។

គណបក្សប្រឆាំងគ្រប់គ្រងអាសនៈចំនួន១៩២ ក្នុងចំណោម ៣០០ នៅក្នុងសភាតែមួយ ដូច្នេះពួកគេត្រូវការសំឡេងយ៉ាងតិច ៨ PPP ដើម្បីឈានដល់កម្រិតពីរភាគបីសម្រាប់ការចោទប្រកាន់នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top