វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសថា ខ្លួននឹងបញ្ជូនអាវុធឱ្យអ៊ុយក្រែនមួយផ្សេងទៀត ដែលមានតម្លៃ ៥០០លានដុល្លារអាមេរិក។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ជំនួយយោធាចុងក្រោយបំផុតដល់អ៊ុយក្រែនគឺជាលើកទី៧២ ដែលលោក បៃដិន បានប្រើប្រាស់សិទ្ធិអំណាចប្រតិបត្តិរបស់លោក ដើម្បីអនុម័តមូលនិធិចាប់តាំងពីខែសីហា ឆ្នាំ២០២១ ។
សព្វាវុធនៅក្នុងឃ្លាំងចុងក្រោយបង្អស់រួមមានសមត្ថភាពការពារដែនអាកាស គ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុក្កែត និងកាំភ្លើងធំ និងអាវុធប្រឆាំងរថក្រោះជាដើម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅព្រឹកថ្ងៃដដែល លោក John Kirby អ្នកសម្របសម្រួលសម្រាប់ការទំនាក់ទំនងជាយុទ្ធសាស្ត្រនៅក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅសេតវិមានថា រដ្ឋបាលលោក បៃដិន ដែលនៅសល់តែប៉ុន្មានសប្តាហ៍ទៀតនៅក្នុងតំណែងនឹង “បន្តផ្តល់កញ្ចប់បន្ថែមរហូតដល់ ចុងបញ្ចប់នៃការគ្រប់គ្រងរបស់លោក” ។
ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងនៅសេតវិមាននៅថ្ងៃទី២០ ខែមករា បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយនៅលើ NBC News កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន ប្រហែលជា គួរតែរៀបចំ សម្រាប់ការកាត់បន្ថយជំនួយរបស់អាមេរិកនៅពេលដែលរដ្ឋបាលរបស់លោកស្បថចូលកាន់តំណែង។
លោក ត្រាំ បានឲ្យដឹងថាលោកបានចាត់ទុកថាវាអយុត្តិធម៌ដែលសហរដ្ឋអាមេរិក បានចំណាយច្រើនជាងបីដងនៃចំនួនប្រាក់ដែលប្រជាជាតិអឺរ៉ុបបានចំណាយលើការគាំទ្រអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា