ដាម៉ាស់៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov បានឲ្យដឹងថា ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងរក្សាមូលដ្ឋានយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី ខណៈដែលពួកគេមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
លោកបានលើកឡើងថា “ខ្ញុំគិតថាមានកិច្ចព្រមព្រៀងទូទៅ ដែលការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងក្រុម IS មិនទាន់បញ្ចប់នោះទេ វាទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ ក្នុងន័យនេះ វត្តមានរបស់យើងបានដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ” ។
អ្នកការទូតរុស្ស៊ីរូបនេះបានបន្ថែមថា ទីក្រុងមូស្គូបានបង្កើតទំនាក់ទំនងជាមួយគណៈកម្មាធិការនយោបាយនៃក្រុម Hayat Tahrir al-Sham (HTS) របស់ប្រទេសស៊ីរី ហើយបានពិភាក្សាអំពីបញ្ហាធានាសន្តិសុខនៃបេសកកម្មការទូតរុស្ស៊ី និងពលរដ្ឋនៅក្នុងប្រទេស។
អ្នកនាំពាក្យរបស់លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres “មានការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការរំលោភនាពេលថ្មីៗនេះ និងទូលំទូលាយនៃអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ដោយជំរុញឱ្យភាគីនានាកាត់បន្ថយអំពើហិង្សានៅទូទាំងប្រទេស។
លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិបានឲ្យដឹងនៅទីស្នាក់ការអង្គការសហប្រជាជាតិថា “លោកអគ្គលេខាធិការ មានការព្រួយបារម្ភជាពិសេសចំពោះការវាយប្រហារតាមអាកាសរាប់រយរបស់អ៊ីស្រាអែល លើទីតាំងជាច្រើននៅក្នុងប្រទេសស៊ីរី ហើយសង្កត់ធ្ងន់ទៅលើតម្រូវការបន្ទាន់ ដើម្បីកាត់បន្ថយអំពើហិង្សាលើគ្រប់មុខទាំងអស់ នៅទូទាំងប្រទេស” ។
ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Anadolu បានរាយការណ៍ថា តួកគី កាលពីថ្ងៃព្រហស្បតិ៍ បានតែងតាំងឯកអគ្គរដ្ឋទូតស្តីទីនៅស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាស់ ដែលឯកអគ្គរដ្ឋទូតរបស់ប្រទេសតួកគីប្រចាំប្រទេសម៉ូរីតានី លោក Burhan Koroglu ត្រូវបានតែងតាំងជាឯកអគ្គរាជទូត ស្តីទីនៅស្ថានទូតតួកគីនៅទីក្រុងដាម៉ាស់៕
ប្រែសម្រួល ឈូក បូរ៉ា