ព័ត៌មានអន្តរជាតិ

Update ៖ តម្រួតថៃចាប់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកបណ្តាលឲ្យស្លាប់ និងរបួសជាង ៥០នាក់

Xinhua

បាងកក៖ តម្រួតបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អាជ្ញាធររបស់ប្រទេសថៃឡង់ដ៏ បានចាប់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក នៅក្នុងពិធីបុណ្យប្រចាំឆ្នាំមួយដែលបានធ្វើឡើងនៅខេត្ត Tak ភាគខាងជើងប្រទេស ដែលបានសម្លាប់មនុស្សអស់ចំនួន០៣នាក់ និងបានបង្កឲ្យមានអ្នករងរបួសចំនួន៤៨នាក់ផ្សេងទៀត ។

លោក Archayont Kraithong អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ការស៊ើបអង្កេតបឋមបានបង្ហាញឲ្យឃើញថា ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យទាំង ២នាក់ នេះបានសារភាពថា ខ្លួនបានកាន់អាវុធជាតិផ្ទុះពិតប្រាកដមែន ដោយបានប្រាប់ថា មូលហេតុគឺកើតចេញពីសារទុក្ខរបស់ជនសង្ស័យទាំង ២នាក់ ប្រឆាំងនឹងក្រុមយុវជននៅក្នុងស្រុកនេះ ។

នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃអ្នកស្លាប់ និងអ្នករងរបួសនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនេះដែលបានកើតឡើងភ្លាមៗនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ។

លោកស្រី Paetongtarn បានចេញបញ្ជាឲ្យសមត្ថកិច្ច និងភ្នាក់ងារសន្តិសុខ ស៊ើបអង្កេតករណីនេះឲ្យបានឆាប់រហ័ស ចាប់ជនដៃដល់យកមកផ្តន្ទាទោស ព្រមទាំងណែនាំដល់អាជ្ញាធរពាក់ព័ន្ធ បង្កើនវិធានការសន្តិសុខនៅគ្រប់ពិធីបុណ្យនាពេលខាងមុខ ដើម្បីធានាសុវត្ថិភាពដល់សាធារណៈ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top