SANAA ៖ កាលពីថ្ងៃសុក្រ ក្រុម ហួធី (Houthi) នៅក្នុងប្រទេសយ៉េមែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាច្រើនដែលផ្តោតទៅលើ “គោលដៅរបស់អ៊ីស្រាអ៊ែល” ។
លោក Yahya Sarea អ្នកនាំពាក្យយោធារបស់ក្រុម ហួធី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងបានអនុវត្តប្រតិបត្តិការយោធាចំនួន២ ដែលទី១បានកំណត់គោលដៅយោធានៅក្នុងទីក្រុង Ashkelon ដែលត្រូវបានកាន់កាប់ ចំណែកទី២ កំណត់គោលដៅមួយនៅក្នុងទីក្រុង Jaffa ដែលកាន់កាប់” ផងដែរ ។
លោកបានលើកឡើងថា “ប្រតិបត្តិការទាំង ២នេះត្រូវបានអនុវត្តជាមួយយន្តហោះគ្មានមនុស្សបើកចំនួន២ គ្រឿងដែលអាចឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអ៊ែល” ។
លោកបានបញ្ជាក់ថា “យើងក៏បានអនុវត្តប្រតិបត្តិការយោធារួមគ្នាជាមួយក្រុមកងជំនួយឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយបានកំណត់គោលដៅសំខាន់ៗនៅភាគខាងត្បូងនៃប៉ាឡេស្ទីនដែលកាន់កាប់ ដោយបានប្រើយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងទៀត” ។
អ្នកនាំពាក្យក្រុម ហួធី មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការវាយប្រហារទាំងនោះ ឬកំណត់អត្តសញ្ញាណគោលដៅនោះឡើយ ហើយក៏មិនទាន់មានការអត្ថាធិប្បាយពីភាគីអ៊ីស្រាអ៊ែលនៅឡើយទេ ជុំវិញការអះអាងរបស់ក្រុម ហួធី ដែលបានលើកឡើងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
