បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរបស់ប្រទេសស៊ែប៊ី លោក Aleksandar Vucic បាននិយាយថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ស៊ែប៊ី NIS ដោយសារវាមានជាប់បញ្ហាជាមួយនឹងកម្មសិទ្ធិរបស់រុស្ស៊ី។
លោក Vucic បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Informer TV របស់ស៊ែប៊ីថា៖ យើងបានទទួលការបញ្ជាក់ថានៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មប្រឆាំងនឹង NIS ដោយសារតែកម្មសិទ្ធិរបស់រុស្ស៊ី។
លោកបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ទីក្រុង Belgrade នៅតែមិនបានទទួល ឯកសារផ្លូវការដែលមានព័ត៌មានលម្អិត ពីទីក្រុងវ៉ាស៊ីនតោននៅឡើយទេ។
NIS ដែលជាក្រុមហ៊ុនថាមពលស៊ែប៊ី ត្រូវបានគ្រប់គ្រងដោយសាជីវកម្មរុស្ស៊ី Gazprom ហើយកាលពី ឆ្នាំ ២០២២ ក្រុមហ៊ុន Gazprom Neft ដែលបានចូលរួមក្នុងការធ្វើឯកជនភាវូបនីយកម្មនៃក្រុមហ៊ុនប្រេងធំបំផុតនៅតំបន់បាល់កង់ខាងលិចក្នុងឆ្នាំ២០០៨ បានកាត់បន្ថយភាគហ៊ុនរបស់ខ្លួននៅក្នុង NIS ដល់ ៥០ភាគរយខណៈដែល Gazprom ទទួលបាន ៦,១៥ភាគរយ។
លោកប្រធានាធិបតី Vucic ក៏រំពឹងថាចក្រភពអង់គ្លេសនឹងចូលរួមក្នុងការដាក់ទណ្ឌកម្ម ដែលមានន័យថាមនុស្សគ្រប់គ្នា ហើយលោកបានបញ្ចប់ថា៖ខ្ញុំគិតថានេះគឺជាផ្នែកមួយនៃសម្ពាធភូមិសាស្ត្រនយោបាយកាន់តែទូលំទូលាយទៅលើប្រទេសរុស្ស៊ី។
គួរឲ្យដឹងដែរថាប្រទេសស៊ែប៊ីបានប្តេជ្ញាជាផ្លូវការក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប ប៉ុន្តែប្លុកនេះបានធ្វើឱ្យសមាជិកភាពរបស់ខ្លួនមានលក្ខខណ្ឌលើការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងលើការទទួលស្គាល់កូសូវ៉ូ ក្នុងចំណោមលក្ខខណ្ឌផ្សេងទៀត ដែលលោក Vucic បានប្រកាសថាលោកនឹងមិនទទួលយកឡើយ៕
ប្រែសម្រួល៖ ស៊ុនលី