ព័ត៌មានអន្តរជាតិ

លោកស្រី អតីតប្រធានសភាអាមេរិក ត្រូវបានបញ្ជូនទៅកាន់មន្ទីរដើម្បីជួយសង្គ្រោះ ក្រោយរអិលដួលពីកាំជណ្តើរ ខណៈធ្វើដំណើរទៅបរទេស

xinhua

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យមួយរូបបានលើកឡើងកាលពីថ្ងៃសុក្រថា លោកស្រី Nancy Pelosi  អតីតប្រធានសភាអាមេរិក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសលុចហ្សាំប៊ឺក ក្រោយពីរូបគាត់ “បានរងរបួសនៅក្នុងអំឡុងពេលធ្វើដំណើរចូលរួមកម្មវិធីជាផ្លូវការមួយ” ។

លោក Ian Krager អ្នកនាំពាក្យបានលើកឡើងថា “ខណៈដែលធ្វើដំណើរជាក្រុមមួយគណៈប្រតិភូសភាទ្វេភាគីនៅក្នុងប្រទេសលុចហ្សាំប៊ឺក ដើម្បីប្រារព្ធខួបលើកទី៨០នៃសមរភូមិ Bulge វាគ្មិន Emerita Nancy Pelosi បានរងរបួសនៅក្នុងអំឡុងពេលចូលរួមជាផ្លូវការ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីត្រួតពិនិត្យអាការៈរោគ” ។ អ្នកនាំពាក្យបានបង្ហាញដូច្នេះនៅលើបណ្តាញសង្គម “X” ដែលពីមុនត្រូវបានគេស្គាល់ថា ជាបណ្តាញសង្គម Twitter នោះ ។

លោក Krager បានលើកឡើងថា លោកស្រី Pelosi មានវ័យ ៨៤ឆ្នាំ បច្ចុប្បន្នកំពុងទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីវេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ។

គេបានដឹងថា លោកស្រី Pelosi ជាសមាជិកដ៏លេចធ្លោម្នាក់នៃគណបក្សប្រជាធិបតេយ្យ បានធ្វើជាប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១១ និងកាន់តំណែងម្តងទៀតពីឆ្នាំ ២០១៩ដល់ឆ្នាំ២០២៣ ។ គាត់គឺជាស្ត្រីដំបូងគេនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកដែលកាន់មុខតំណែងមួយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top