បរទេស៖ ប្រធានាធិបតីស្តីទី និងជានាយករដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូង លោក Han Duck-soo បានសន្យារក្សាគោលនយោបាយក្នុងស្រុក និងក្រៅប្រទេស បន្ទាប់ពីលោក Yoon ត្រូវបានចោទប្រកាន់ និងព្យួរពីតំណែង។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅព្រឹកថ្ងៃទី១៥ ខែធ្នូថា “រដ្ឋាភិបាលរបស់យើងនឹងបន្តអនុវត្តគោលនយោបាយការទូត និងសន្តិសុខ និងខិតខំប្រឹងប្រែងដើម្បីធានាថា សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងត្រូវបានរក្សា និងអភិវឌ្ឍដោយគ្មានការធ្លាក់ចុះណាមួយឡើយ”។
លោក Han ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសមត្ថភាពការពារជាតិរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រទេសទាំងពីរជួបប្រទះ ដូចជាការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធកាន់តែខ្លាំងឡើងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ។
លោកក៏បានពន្យល់ថា រាល់ការងាររដ្ឋនឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងតាមរដ្ឋធម្មនុញ្ញ និងច្បាប់ក្នុងស្ថានភាពថ្មី។
ប្រធានាធិបតីអាមេរិកលោក Biden បានថ្លែងអំណរគុណចំពោះប្រធានាធិបតីស្តីទី Han ចំពោះការពន្យល់ និងទំនុកចិត្តរបស់លោកចំពោះលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកូរ៉េខាងត្បូង ហើយបានសង្កត់ធ្ងន់ទៅលើភាពធន់របស់ប្រទេសផងដែរ, នេះបើយោងតាមការិយាល័យរបស់លោក Han ។
លោក Biden បាននិយាយថា “សម្ព័ន្ធភាពដ៏រឹងមាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងមិនរសាយឡើយ ហើយលោកនឹងបន្តធ្វើការជាមួយភាគីកូរ៉េខាងត្បូង ដើម្បីអភិវឌ្ឍ និងពង្រឹងសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-អាមេរិក-ជប៉ុន”។
ការហៅទូរស័ព្ទរយៈពេល ១៦នាទីត្រូវបានធ្វើឡើងបន្ទាប់ពីសភាកូរ៉េខាងត្បូងកាលពីថ្ងៃទី១៤ ខែធ្នូ បានអនុម័តសំណើចោទប្រកាន់ទៅលើប្រធានាធិបតី Yoon Suk-yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃទី៣ ខែធ្នូដែលបណ្តាលឱ្យលោកត្រូវបានព្យួរពីតំណែងនិងប្រគល់អំណាចទៅឱ្យនាយករដ្ឋមន្ត្រី គឺលោក Han Duck-soo។
នៅក្រោមរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងត្បូង នាយករដ្ឋមន្ត្រី Han នឹងធ្វើជាប្រធានាធិបតីស្តីទី រហូតដល់តុលាការធម្មនុញ្ញសម្រេចលើអនាគតរបស់លោក Yoon ដែលអាចចំណាយពេលដល់ទៅ ១៨០ថ្ងៃ៕
ប្រែសម្រួល៖ ណៃ តុលា