បរទេស៖ លោក Isak Andic ដែលជាស្ថាបនិក និងជាម្ចាស់ហាងលក់សំលៀកបំពាក់ម៉ាក Mango របស់អេស្ប៉ាញ បានទទួលមរណភាពក្នុងអាយុ ៧១ឆ្នាំ បន្ទាប់ពីរអិលជើងពេលដើរលើភ្នំ កាលពីថ្ងៃសៅរ៍ជាមួយសាច់ញាតិនៅជិតទីក្រុង Barcelona។ យោងតាមរបាយការណ៍របស់ប៉ូលីស លោក Andic បានរអិលជើងធ្លាក់ចុះពីភ្នំជាង ១៥០ម៉ែត្រ (ជិត ៥០០ ហ្វីត) ពីច្រាំងថ្មចោទនៅក្នុងរូងភ្នំ Montserrat ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមគ្រួសាររបស់លោក Isak Andic បានទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់នៅម៉ោងប្រហែល ១២៖៣០ នាទីរសៀលម៉ោងក្នុងស្រុក, នេះបើយោងតាមកាសែតអេស្ប៉ាញ El Pais ។ ឧទ្ធម្ភាគចក្រ និងរថយន្តសង្គ្រោះ ត្រូវបានបញ្ជូនទៅ ហើយពួកគេបានបញ្ជាក់ថា គាត់ស្លាប់ពេលមកដល់កន្លែងកើតហេតុ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Toni Ruiz នាយកប្រតិបត្តិក្រុមហ៊ុន Mango បានសម្តែងនូវទុក្ខសោកថា “វាពិតជាមានការសោកស្ដាយយ៉ាងខ្លាំងដែលយើងប្រកាសពីការស្លាប់ដោយមិនបានរំពឹងទុករបស់លោក Isak Andic ដែលជាប្រធានមិនមែនប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Mango”។
កើតនៅប្រទេស តួកគី លោក Andic បានផ្លាស់ទៅទីក្រុង Catalonia ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយបានបង្កើត Mango ក្នុងឆ្នាំ ១៩៨៤។ ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុនបានរីកចម្រើនរហូតដល់ជិត ២.៨០០ ហាងនៅទូទាំងពិភពលោក ដោយរាយការណ៍ពីចំណូលចំនួន ៣,១ ពាន់លានអឺរ៉ូ (៣,២៦ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៣។ ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់លោក Isak Andic មានប្រមាណ ៤,៥ ពាន់លានដុល្លារ។ គាត់ត្រូវបានគេជឿថា ជាអ្នកមានបំផុតក្នុងតំបន់ និងជាអ្នកមានបំផុតក្នុងប្រទេសអេស្ប៉ាញ៕
ប្រែសម្រួលៈ ណៃ តុលា