ព័ត៌មានអន្តរជាតិ

ករណីម៉ាស្សានៅថៃ មានអ្នកស្លាប់ ២នាក់ហើយ គឺអ្នកទេសចរជនជាតិសិង្ហបុរី និងតារាចម្រៀងជនជាតិថៃវ័យ ២០ឆ្នាំ

Photo: Phuket Public Relations Office

បរទេស៖ ប៉ូលិសបាននិយាយថា បុរសជនជាតិសិង្ហបុរីម្នាក់ដែលវិស្សមកាលនៅភូកេតបានស្លាប់ភ្លាមៗបន្ទាប់ពីការម៉ាស្សារាងកាយដ៏យូរមួយនៅឯឆ្នេរ Patong ក្នុងស្រុក Kathu ។ នេះជាការស្លាប់លើកទីពីរហើយកាលពីចុងសប្តាហ៍ពាក់ព័ន្ធនឹងការម៉ាស្សា បន្ទាប់ពីតារា​ចម្រៀង​វ័យស្រីក្មេងអាយុ ២០ ម្នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រោយពី​ម៉ាស្សា​បានបី​ជុំ​រហូតបាក់ ក។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថាមេប៉ូលិសក្រុង Patong លោកវីរសេនីយ៍ Chalermchai Hernsawad បាននិយាយថា ប៉ូលីសត្រូវបានជូនដំណឹងដោយហាងម៉ាស្សានៅឆ្នេរ Patong ថា មានបញ្ហាពាក់ព័ន្ធនឹងអ្នកទេសចរជនជាតិសិង្ហបុរីម្នាក់នៅម៉ោងប្រហែល១១៖០៣នាទី យប់ថ្ងៃសៅរ៍។

លោក Lee Mun Tuck អាយុ ៥២ឆ្នាំត្រូវបានផ្តល់ការម៉ាស្សាប្រេងលើរាងកាយនៅលើឆ្នេររយៈពេល ៤៥ នាទី។ លោកក៏បានសម្រាកបន្ទាប់ពីម៉ាស្សាហើយ បន្ទាប់មកក៏ឈប់ដកដង្ហើម។

ហាង​ម៉ាស្សា​បាន​សុំ​ប៉ូលិស​និង​ពេទ្យ​ជួយ​បន្ទាប់​ពី​បុរស​នោះ​ត្រូវ​បាន CPR (ជួយសង្រ្គោះបេះដូង) ប៉ុន្តែ​គាត់មិន​បាន​ដឹង​ខ្លួន​វិញ​ទេ។

លោកវរសេនីយ៍ Chalermchai បាននិយាយថា ភរិយារបស់លោក Lee បានបដិសេធមិនអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ហើយកំពុងយកសាកសពរបស់ប្តីគាត់ត្រឡប់ទៅផ្ទះដើម្បីធ្វើបុណ្យតាមសាសនា៕

ប្រែសម្រួលៈ ណៃ តុលា

To Top