បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTក្រសួងការបរទេស របស់ប្រទេសកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា គណៈប្រតិភូការទូតកាតា បានមកដល់ទីក្រុងដាម៉ាស ដើម្បីបំពេញនីតិវិធីចាំបាច់ សម្រាប់ការបើកស្ថានទូត របស់ខ្លួនឡើងវិញនៅទីនោះ។
ឯកអគ្គរដ្ឋទូតកាតាប្រចាំប្រទេសស៊ីរី លោក Zayed al-Khayarine បានចាកចេញពីទីក្រុង ដាម៉ាស ក្នុងខែកក្កដា ឆ្នាំ ២០១១ នៅពេលដែលស្ថានទូត បានផ្អាកការងាររបស់ខ្លួន។
ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ពីអាជ្ញាធរស៊ីរី ចំពោះការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយរដ្ឋរបស់ប្រទេសកាតា Al-Jazeera ក្នុងខែមីនា ឆ្នាំ ២០១១ នៃការបះបោរប្រឆាំងនឹងរដ្ឋាភិបាលលោក Assad។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យផ្លូវការនៃក្រសួងការបរទេសកាតា Majid bin Mohammed Al Ansari បាននិយាយថា ក្នុងអំឡុងពេលកិច្ចប្រជុំ របស់ខ្លួនជាមួយ រដ្ឋាភិបាលអន្តរកាល នៅក្នុងប្រទេសស៊ីរី គណៈប្រតិភូ បានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តពេញលេញ របស់រដ្ឋកាតាក្នុងការគាំទ្រ ប្រជាជនស៊ីរីក្នុងការសម្រេច បាននូវសេចក្តីប្រាថ្នារបស់ពួកគេ ដើម្បីសន្តិសុខ សន្តិភាព ការអភិវឌ្ឍន៍ និងវិបុលភាព បន្ទាប់ពីជោគជ័យ នៃបដិវត្តន៍របស់ពួកគេ។
គណៈប្រតិភូ និងអាជ្ញាធរស៊ីរីថ្មីក៏បានពិភាក្សា អំពីវិធីដើម្បីបង្កើនលំហូរ នៃជំនួយមនុស្សធម៌កាតា និង តម្រូវការរបស់បងប្អូនស៊ីរីក្នុងដំណាក់កាលដ៏សំខាន់នេះ៕
ប្រែសម្រួល៖ស៊ុនលី