បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៃប្រទេសតួគី បានថ្កោលទោសយ៉ាងខ្លាំង ទៅលើប្រទេសអ៊ីស្រាអែល បន្ទាប់ពីខ្លួនបាននិយាយថា ខ្លួនមានបំណងបង្កើនចំនួន ការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ ទ្វេដងនៅក្នុងតំបន់ Golan Heights ដែលត្រូវបានកាន់កាប់ ដើម្បីការពារ ការគំរាមកំហែង ដែលអាចកើតមាន។
កងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថាIDF បានលុកលុយតំបន់ការពាររវាងប្រទេសស៊ីរី និងតំបន់ Golan Heights កាលពីដើមខែនេះ បន្ទាប់ពីការដួលរលំរបស់រដ្ឋាភិបាលលោក Bashar Assad ក្នុងទីក្រុង Damascus ទៅកាន់ក្រុមជីហាត Hayat Tahrir-al-Sham (HTS) និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត។
កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា គណៈរដ្ឋមន្ត្រី របស់លោកបានអនុម័តផែនការពង្រីកចំនួនប្រជាជនជ្វីហ្វ នៅក្នុងតំបន់កាន់កាប់ដោយខុសច្បាប់ ដោយនិយាយថា ការធ្វើដូច្នេះមានសារៈសំខាន់សម្រាប់ សន្តិសុខរបស់អ៊ីស្រាអែល។
លោក Netanyahu បាននិយាយអំពីតំបន់ Golan Heights ថា៖យើងនឹងបន្តរក្សាវា ធ្វើឲ្យវាចេញផ្កា ហើយតាំងលំនៅនៅទីនោះ។
ជាការឆ្លើយតបក្រសួង ការបរទេសតួគី បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល របស់លោក Netanyahuគឺជាដំណាក់កាលថ្មី មួយនៅក្នុងគោលដៅរបស់អ៊ីស្រាអែល ក្នុងការពង្រីកព្រំដែន របស់ខ្លួន តាមរយៈការកាន់កាប់។
គួរឲ្យដឹងដែរថាទីក្រុងអង់ការ៉ា ក៏បានជំរុញសហគមន៍អន្តរជាតិឱ្យ ចាត់វិធានការសមស្រប ដើម្បីឆ្លើយតបទៅនឹង សកម្មភាពរបស់អ៊ីស្រាអែល និងធានាឱ្យមានការបញ្ចប់នូវជំហានខុសច្បាប់របស់រដ្ឋាភិបាល Netanyahuផងដែរ៕
ប្រែសម្រួល៖ស៊ុនលី