ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាក់ថា លោកអាចជួបនាយករដ្ឋមន្ត្រីជប៉ុន មុនពេលត្រឡប់ទៅកាន់សេតវិមាន

KYODO

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកអាចជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba មុនពេលដែលលោកត្រឡប់ទៅកាន់សេតវិមានវិញក្នុងខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅឯលំនៅដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida លោក ត្រាំ បានលើកឡើងអំពីភាគីជប៉ុនថា “ប្រសិនបើពួកគេចង់ធ្វើនោះ ខ្ញុំនឹងធ្វើវា” ។ ការថ្លែងរបស់លោកបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក និងភរិយាបានទទួលភ្ញៀវលោកស្រី Akie Abe ជាស្ត្រីមេម៉ាយ ដែលជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដែលត្រូវបានគេសម្លាប់ក្នុងពេលថ្លែងសុន្ទរកថារបស់លោក។

យោងតាមលោក ដូណាល់ ត្រាំ ស្ត្រីមេម៉ាយរូបនេះ មានភាពស្និទ្ធស្នាលជាមួយលោកជំទាវ Melania Trump ហើយកិច្ចប្រជុំកាលពីយប់ថ្ងៃអាទិត្យ បានក្លាយទៅជាការពិតបន្ទាប់ពីលោស្រី បានទូរស័ព្ទទៅអតីតស្ត្រីទីមួយរូបនេះ។ លោក ត្រាំ បានលើកឡើងថា មេដឹកនាំជប៉ុនចុងក្រោយគឺជា “បុរសដ៏អស្ចារ្យ” ហើយអ្នកទាំងបី បានចំណាយពេលជាមួយគ្នាដោយការគោរព ចំពោះលោកដោយបន្ថែមថា លោកបានផ្ញើសៀវភៅទៅជូនលោក Ishiba និងរបស់ផ្សេងទៀតតាមរយៈស្ត្រីមេម៉ាយរូបនេះ។

ប្រហែលមួយខែមុននេះលោក Ishiba មិនអាចបានជួបផ្ទាល់ជាមួយលោក ត្រាំ ក្នុងដំណើរត្រឡប់ទៅប្រទេសជប៉ុនពីអាមេរិកខាងត្បូងបាននោះទេ បើទោះបីជាសង្ឃឹមថា នឹងមានការជួបដោយផ្ទាល់ក៏ដោយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសប៉េរូ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិមួយ លោក Ishiba បានលើកឡើងនៅពេលនោះថា យោងតាមក្រុមរបស់លោក ត្រាំ ប្រធានាធិបតីជាប់ឆ្នោតមិនអាចជួបពិភាក្សាជាមួយលោក មុនពេលចូលកាន់តំណែងបាននោះទេ ដោយសារតែមានឧបសគ្គផ្នែកច្បាប់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top