ព័ត៌មានអន្តរជាតិ

លោក Trump និយាយថានឹងមិនអញ្ជើញលោក Zelensky មកចូលរួមពិធីកាន់តំណែង របស់លោកឡើយ

RT NEWS

បរទេស៖យោងតាមការចេញផ្សាយ​របស់ RT ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នៅខែក្រោយនេះទេ ។

លោកប្រធានាធិបតីអាមេរិកថ្មីTrump ដែលបានយកឈ្នះគូប្រជែងប្រជាធិបតេយ្យលោកស្រី Kamala Harris កាលពីខែមុននឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិកជាផ្លូវការនៅថ្ងៃទី២០ ខែមករាក្នុងពិធីដែលធ្វើឡើងនៅវិមាន Capitol ក្នុងទីក្រុង Washington ។

កាលពីថ្ងៃចន្ទ លោក Trump បានធ្វើសន្និសីទសារព័ត៌មានផ្លូវការជាលើកដំបូងរបស់គាត់ចាប់តាំងពីឈ្នះការបោះឆ្នោតប៉ុន្តែនៅពេលសួរដោយអ្នកកាសែតថាតើគាត់បានអញ្ជើញ Zelensky ដែរឬទេលោក Trump បានឆ្លើយតបថាទេខ្ញុំមិនបានអញ្ជើញគាត់ទេហើយយ៉ាង​ណា​ក៏​ដោយ លោក​បាន​បន្ថែម​ថាប្រសិន​បើ​គាត់​ចង់​មក ក៏មិនមានបញ្ហានោះដែរ។

រំលឹកដែរថាលោកTrump បានជួបជាមួយនឹងលោក Zelensky ក្នុងខែនេះនៅទីក្រុងប៉ារីស រួមជាមួយប្រធានាធិបតីបារាំង Emmanuel Macron សម្រាប់កិច្ចពិភាក្សាផ្តោតលើវិបត្តិអ៊ុយក្រែន។

ក្នុងកិច្ចប្រជុំនោះលោកTrump ដែលត្រូវបានគេរាយការណ៍ថាមានការស្ទាក់ស្ទើរក្នុងការជួប Zelensky បាននិយាយបន្ទាប់ពីពិភាក្សាគ្នារួចនោះថាគាត់ចង់ឱ្យជម្លោះដោយយោធារវាងទីក្រុងមូស្គូនិងទីក្រុងគៀវបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួល៖ស៊ុនលី

To Top