ព័ត៌មានអន្តរជាតិ

វិបុលភាព និងស្ថិរភាព នៃតំបន់ម៉ាកាវ ក្រោមគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ»

នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ នេះ ជាខួប ២៥ ឆ្នាំនៃការវិលត្រឡប់ចូលមាតុប្រទេសចិនវិញ របស់តំបន់រដ្ឋបាលពិសេសម៉ាកាវ ។ គិតចាប់ពីខែធ្នូ ឆ្នាំ ១៨៨៧ រហូតដល់ខែធ្នូ ឆ្នាំ ១៩៩៩ តំបន់ម៉ាកាវបានស្ថិតក្រោមការគ្រប់គ្រង របស់ពួកអាណានិគម ព័រទុយហ្កាល់អស់រយៈពេល ១១២ ឆ្នាំ ដែលធ្វើឱ្យពលរដ្ឋម៉ាកាវ ត្រូវបាត់បង់នូវអធិបតេយ្យ និងត្រូវគោរពប្រតិបត្តិ តាមប្រព័ន្ធគ្រប់គ្រងរបស់ព័រទុយហ្កាល់ ។

បន្ទាប់ពីវិលត្រឡប់ចូលមាតុប្រទេសវិញ រដ្ឋាភិបាលមជ្ឈិមចិន មិនបានដាក់កំហិតឱ្យតំបន់ម៉ាកាវ ប្រតិបត្តិតាមរបបនយោបាយ នៃតំបន់ដីគោកដែលកំពុងអនុវត្តនោះទេ តែបានអនុញ្ញាតឱ្យអនុវត្តគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ»ដោយផ្អែកលើបុរេលក្ខខណ្ឌនៃគោលការណ៍ចិនតែមួយ ហើយបង្កើតនូវ «តំបន់រដ្ឋបាលពិសេសម៉ាកាវ» ដែលមានសិទ្ធិសេរីភាពពេញលេញនិងការអភិវឌ្ឍដោយម្ចាស់ការ ព្រមទាំងលើកទឹកចិត្តឱ្យ«ពលរដ្ឋម៉ាកាវគ្រប់គ្រងម៉ាកាវ» ពោលគឺបរិបទសង្គមរបស់ម៉ាកាវនឹងរក្សាភាពដើមដដែល ។

ដូចដែលយើងទាំងអស់គ្នាបាន ដឹងស្រាប់ហើយថា តាំងពីដើមមក «កាស៊ីណូ»គឺជាមុខរបរធំបំផុតនិងជាប្រភពចំណូលដ៏សំខាន់បំផុតរបស់ម៉ាកាវ ប៉ុន្តែមុខរបរដែល «ធំដាច់គេតែឯង» បែបនេះវាខ្វះកម្លាំងប្រកួតប្រជែង ហើយសមត្ថភាពបង្ការហានិភ័យ ក៏មិនសូវរឹងមាំដែរ ។ អាស្រ័យហេតុនេះ បន្ទាប់ពីវិលត្រឡប់ចូលមាតុប្រទេសវិញ រដ្ឋបាលតំបន់ម៉ាកាវ បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយមិនពឹងផ្អែកតែលើមុខរបរកាស៊ីណូដូចគ្រាមុនៗទៀតឡើយ ពោលគឺអភិវឌ្ឍទាំងវិស័យសុខាភិបាល ហិរញ្ញវត្ថុទំនើប បច្ចេកវិទ្យាខ្ពស់ ពិព័រណ៍និងពាណិជ្ជកម្ម កីឡា និងវប្បធម៌ជាដើម ។ នៅក្នុងឆ្នាំ ២០២៣ រចនាសម្ព័ន្ធនៃចំណូលផ្នែកកាស៊ីណូរបស់ម៉ាកាវត្រូវបានកែលម្អថែមទៀត ដែលក្នុងនោះផលិតផលសរុប នៃមុខរបរមិនមែនកាស៊ីណូត្រូវជា ៦១.៧% នៃផលិតផលសរុបរបស់ម៉ាកាវ ដែលបានកែប្រែជាបណ្តើរៗ នូវនិម្មាបនកម្មដែលមុខរបរកាស៊ីណូ«ធំដាច់គេ» ហើយជំរុញឱ្យសេដ្ឋកិច្ចរបស់ម៉ាកាវ កាន់តែមានស្ថិរភាព ពិពិធកម្ម និងកាន់តែមានភាព ធន់សម្រាប់ឆ្លើយតបនឹងហានិភ័យ ។

ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍របស់ម៉ាកាវ ដោយផ្តោតសំខាន់លើវិស័យទេសចរណ៍វប្បធម៌ក៏បានផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកផងទាំងពួងជាបណ្តើរៗផងដែរ ពោលគឺប្តូរពី «ទីក្រុងកាស៊ីណូ» មកជា«ទីក្រុងទេសចរណ៍» ។ ការធ្វើពិពិធកម្មវិស័យទេសចរណ៍បានញ៉ាំងឱ្យម៉ាកាវក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយរបស់ប្រទេសចិន ។ ភាពទាក់ទាញនៃការច្របាច់បញ្ចូលគ្នារវាងវប្បធម៌ចិននិងវប្បធម៌ព័រទុយហ្កាល់ជាដើមបានក្លាយជាធនធានទេសចរណ៍ដ៏មានឧត្តមភាពរបស់ម៉ាកាវ ។ គិតត្រឹមដើមខែវិច្ឆិកាឆ្នាំនេះ មានភ្ញៀវទេសចរ បរទេស សរុបជាង ៣០ លាននាក់ បានចូលទៅទស្សនាម៉ាកាវ ។ បច្ចុប្បន្ន ក្រៅពីសង្កាត់ប្រវត្តិសាស្ត្រ របស់ម៉ាកាវដែលមាន រចនាបថពហុជាតិ ត្រូវបានដាក់ បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ ពិភពលោក អង្គការយូណេស្កូក៏បានផ្តល់ពានរង្វាន់«ទីក្រុងម្ហូបអាហារឆ្ងាញ់បែបច្នៃប្រឌិតថ្មី»ដល់ម៉ាកាវទៀតផង ពិសេសម៉ាកាវក៏បានទទួលងារ ជា«ទីក្រុងវប្បធម៌នៃអាស៊ីបូព៌ា»ប្រចាំឆ្នាំ ២០២៥ ដែលបង្ហាញពីភាពបរិយាបន្ននៃវប្បធម៌របស់ម៉ាកាវ ។

យ៉ាងណាមិញ រឿងដែលពលរដ្ឋម៉ាកាវយកចិត្តទុកដាក់បំផុតគឺថា តើក្រោយពេលដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសវិញ អ្នកក្រុងម៉ាកាវនឹងមានជីវភាពបែបណា ? មុនពេលវិលត្រឡប់ចូលមាតុប្រទេសវិញ សេដ្ឋកិច្ចរបស់ម៉ាកាវមានកំណើនអវិជ្ជមានរយៈពេល ៤ ឆ្នាំជាប់ៗគ្នា អត្រាបង់បាត់ការងារមានរហូតដល់ទៅ ៦% ។ ក្រោមពេលវិលត្រឡប់ចូលមាតុប្រទេសវិញ ក្រោមការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលមជ្ឈិម ចាប់ពីឆ្នាំ ២០១២ មក អត្រាបង់បាត់ការងាររបស់ម៉ាកាវបានរក្សាក្នុងកម្រិតទាបជាង ២% ជាប់រហូតមក ឯប្រាក់ចំណូលប្រចាំ ខែរបស់អ្នកមានការងារធ្វើបានកើនពីចំនួន ៤៩២០ ដុល្លារម៉ាកាវនៅឆ្នាំ ១៩៩៩ ដល់ចំនួន ១៧៥០០ ដុល្លារម៉ាកាវនៅឆ្នាំ ២០២៣ ។

ស្របនឹងការអភិវឌ្ឍសេដ្ឋកិច្ច ម៉ាកាវក៏បានផ្តោតសំខាន់លើសុខុមាលភាពរបស់ប្រជាជនផងដែរ ។ មនុស្សវ័យជរាដែលមានអាយុលើសពី ៦៥ ឆ្នាំឡើងទៅអាចព្យាបាលជំងឺដោយមិនគិតថ្លៃ ដែលធ្វើឱ្យអាយុរំពឹងរស់ជាមធ្យមរបស់ប្រជាជនកើនពី ៧៧.៩ ឆ្នាំក្នុងឆ្នាំ ១៩៩៩ដល់ ៨៣.១ ឆ្នាំក្នុងឆ្នាំ ២០២៣ ។ ម៉្យាងវិញទៀត សិស្សានុសិស្សអាចសិក្សាដោយឥតគិតថ្លៃក្នុងរយៈពេល ១៥ ឆ្នាំ ។ បើតាមការធ្វើតេស្តរបស់ផែនការវាយតម្លៃអន្តរជាតិសម្រាប់សមត្ថភាពសិស្សនៅឆ្នាំ ២០២២ ឱ្យដឹងថា សមត្ថភាពទូទៅរបស់សិស្សានុសិស្សមានអាយុ ១៥ ឆ្នាំនៃតំបន់ម៉ាកាវគឺស្ថិតនៅលំដាប់ទី ២ លើពិភពលោក ដែលបានរំលេចអំពីគុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអប់រំរបស់ម៉ាកាវ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របនឹងការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ តំបន់ម៉ាកាវដែលផ្អែកលើឧត្តមភាពផ្នែកពិពិធកម្មសេដ្ឋកិច្ចនិងវប្បធម៌របស់ខ្លួន បានចូលរួមការធ្វើសមាហរណកម្មជាមួយតំបន់ក្វាងទុងនិងហុងកុង ដែលបានបំពេញបន្ថែមគ្នានូវឧត្តមភាពរៀងៗខ្លួន ធ្វើឱ្យសេដ្ឋកិច្ចម៉ាកាវមានសន្ទុះអភិវឌ្ឍន៍កាន់តែខ្លាំងក្លា ។ ២៥ ឆ្នាំនៃការវិលត្រឡប់ចូលមាតុប្រទេសវិញ ផលិតផលក្នុងស្រុកសរុប (GDP) របស់ម៉ាកាវបានកើនពី ៥១.៩ ប៊ីលានដុល្លារម៉ាកាវក្នុងឆ្នាំ ១៩៩៩ ដល់ចំនួន ៣៧៩.៥ ប៊ីលានដុល្លារម៉ាកាវក្នុងឆ្នាំ ២០២៣ ពោលគឺកើនឡើងចំនួន ៦ ដង ។ ចំណែក ៩ ខែដើមឆ្នាំនេះ GDP របស់ម៉ាកាវមានចំនួន ៣០១ ប៊ីលានដុល្លារម៉ាកាវ កើនឡើង ១១.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។

ជារួម គោលនយោបាយ«ប្រទេសមួយប្រព័ន្ធពីរ»ជាមូលដ្ឋានគ្រឹះនយោបាយសម្រាប់គ្រប់គ្រងតំបន់ម៉ាកាវ ដែលបាននាំមកនូវស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់ម៉ាកាវ ហើយពលរដ្ឋម៉ាកាវនិងអ្នកដែលរស់នៅក្នុងតំបន់ម៉ាកាវទាំងអស់ក៏សុទ្ធតែទទួលបានផលលាភផងដែរ ។ ដើរទន្ទឹមនឹងជំហាននៃការធ្វើទំនើបកម្មតាមបែបផែនចិនរបស់រដ្ឋាភិបាលមជ្ឈិម តំបន់ម៉ាកាវបាននិងកំពុងរួមបញ្ចូលកាន់តែស៊ីជម្រៅជាមួយការអភិវឌ្ឍរបស់មាតុប្រទេស អនាគតរបស់ម៉ាកាវប្រាកដជានឹងកាន់តែល្អប្រសើរ ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top