បរទេស៖ ការសម្រេចចិត្ត របស់ម៉ាឡេស៊ី ក្នុងការតែងតាំង អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង សម្តេចតេជោ ហ៊ុន សែន ជាទីប្រឹក្សានាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើឱ្យមានរឿងចម្រូងចម្រាស ជុំវិញទិដ្ឋភាព នយោបាយនៅអាស៊ាន ។
យោងតាមសារព័ត៌មាន South China Post ចេញផ្សាយ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ លោក អាន់វ៉ា បានធ្វើសេចក្តីប្រកាស ដ៏គួរឱ្យភ្ញាក់ផ្អើលថា មហាសេដ្ឋីថៃ បានទទួល យកការអញ្ជើញ របស់លោក ដើម្បីផ្តល់យោបល់ដល់លោក នៅពេលដែលម៉ាឡេស៊ី ចូលកាន់តំណែងជាប្រធាន សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ក្នុងខែមករា។
លោក អាន់វ៉ា បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅ Putrajaya ជាមួយនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលកូនស្រីរបស់លោក ថាក់ស៊ីន ថា “សូមអរគុណ ចំពោះការយល់ព្រម ចំពោះរឿងនេះ ពីព្រោះយើងត្រូវការអត្ថប្រយោជន៍ នៃបទពិសោធន៍ នៃរដ្ឋបុរសបែបនេះ” ។
គូប្រជែងរបស់លោក អាន់វ៉ា និងអតីតនាយករដ្ឋមន្ត្រីពីរសម័យកាល Mahathir Mohamad បានបង្ហាញអំពីមន្ទិលសង្ស័យ នៅពេលសួរដោយអ្នកសារព័ត៌មាន អំពីការតែងតាំង លោកថាក់ស៊ីន ។ លោកបាននិយាយ កាលពីថ្ងៃអង្គារថា “ខ្ញុំមិនដឹងថា ហេតុអ្វីទេ ។ លោកថាក់ស៊ីន មានបញ្ហា ប៉ុន្តែខ្ញុំមិនចង់និយាយអ្វីនោះទេ។ លោកបន្ថែមថា វាជាសិទ្ធិ របស់លោកអាន់វ៉ា ក្នុងការធ្វើអ្វីដែលគាត់ចង់បាន ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានបញ្ជាក់មុននេះថា លោក អាន់វ៉ា ក៏នឹងពិគ្រោះជាមួយ “រដ្ឋបុរសវ័យចំណាស់” រួមទាំងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា