បន្ទាប់ពីរដ្ឋាភិបាលចិន បានដាក់ចេញគោលនយោបាយ ស្តីពីការបន្ធូរបន្ថយ និងធ្វើឱ្យប្រសើរឡើង នូវការលើកលែងទិដ្ឋាការ សម្រាប់ឆ្លងកាត់ដែនចិន ដោយគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី១៧ខែធ្នូ ការស្វែងរកអំពី”ការលើកលែងទិដ្ឋាការរបស់ចិន” លើបណ្តាញអ៊ីនធើណេត បានកើនឡើងយ៉ាងឆាប់រហ័ស។” អស្ចារ្យណាស់” “ខ្ញុំចង់ទៅចូលឆ្នាំថ្មីប្រពៃណីចិន នៅប្រទេសចិន” “ចូលចិត្តប្រទេសដ៏មេត្រីភាពនេះ” ។ល។ អ្នកប្រើបណ្តាញអ៊ីនធើណេត បរទេសទាំងឡាយ បាននាំគ្នារំពឹងចង់ធ្វើដំណើរទស្សនកិច្ច ម្តងនៅប្រទេសចិន ។
ហេតុអ្វីបានជាគោលនយោបាយនេះទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង បែបនេះ?មូលហេតុផ្ទាល់គឺដោយសារគោលនយោបាយលើកលែងទិដ្ឋាការលើកនេះមានភាពប្រសើរឡើងយ៉ាងខ្លាំង ។ បើមើលពីពេលវេលា លើកនេះ ប្រទេសចិនបានពន្យារពេល វេលាឆ្លងកាត់ដែនចិនរបស់ជនជាតិបរទេសដែលកាលពីមុនបានលើកលែងទិដ្ឋាការពី៧២ម៉ោងនិង១៤៤ម៉ោង ទៅដល់២៤០ម៉ោង ពោលគឺ១០ថ្ងៃ ។ បើមើលពីក្របខ័ណ្ឌ ច្រកចេញចូល ដែនចិន ដែលអនុវត្តគោលនយោបាយ លើកលែងទិដ្ឋាការលើកនេះ បានកើនឡើងពី៣៩ដល់៦០ ហើយច្រកទ្វារ ចេញចូលដែន បានកើនឡើង ពីខេត្ត ភូមិភាគស្វយ័ត ឬទីក្រុងចំនួន ១៩ទៅដល់២៤ ថែមទាំងអនុញ្ញាត ឱ្យធ្វើដំណើរឆ្លងតំបន់ ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយបទអត្ថាធិប្បាយថា “ប្រទេសចិន បានបន្ធូរបន្ថយឥតឈប់ឈរ នូវលក្ខខណ្ឌធ្វើទិដ្ឋាការ ចំពោះអ្នកដំណើរ ហើយលើកទឹកចិត្ត ឱ្យមនុស្សទាំងឡាយទៅ ធ្វើទេសចរណ៍នៅប្រទេសចិន ដែលជាអង្គភាពសេដ្ឋកិច្ចធំទី២លើពិភពលោក”។
លោកChenZhanmin អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចប្រើប្រាស់ នៃសកលវិទ្យាល័យប្រជាជនចិន បានវិភាគថា ពាក្យ”គ្រប់ជ្រុងជ្រោយ”គឺមានន័យថា ប្រទេសចិនបានកែលម្អការ លើកលែងទិដ្ឋាការសម្រាប់ឆ្លង កាត់ប្រទេសចិនពីវិស័យនិងស្រទាប់ជាច្រើន ហើយផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់ជនជាតិបរទេសក្នុងការធ្វើទេសចរណ៍ ធ្វើសកម្មភាពធុរកិច្ច បំពេញទស្សនកិច្ច និងសួរសុខទុក្ខសាច់ញាតិ ទន្ទឹមនឹងនេះ ស្របពេលដែលចំនួន អ្នកទេសចរណ៍អន្តរជាតិ បានកើនឡើង ឧស្សាហកម្មដូចជារបរទេសចរណ៍ របស់ប្រទេសចិន ជាដើមនឹងទទួលឱកាសពាណិជ្ជកម្មកាន់តែច្រើនឡើងៗ ដែលនឹងបង្កើនចំណងមិត្តភាព និងការយល់ដឹងពីគ្នារវាងប្រជាជនចិននិងបរទេស ដើម្បីបង្កើតមូលដ្ឋាន កាន់តែរឹងមាំសម្រាប់កិច្ច សហប្រតិបត្តិការនៅពេលអនាគត ។
ចាប់ពីខែកក្កដា ឆ្នាំ២០២៣មក ប្រទេសចិនបានកែលម្អគោលនយោបាយលើកលែងទិដ្ឋការ ជាបន្តបន្ទាប់ បច្ចុប្បន្ននេះ ប្រទេសចិនបានឈាន ដល់ការលើកលែងទិដ្ឋាការ ដោយគ្រប់ជ្រុង ជ្រោយជា មួយប្រទេស ចំនួន២៦ បានលើកលែងទិដ្ឋាការ ដោយឯកតោភាគី ចំពោះប្រទេសចំនួន៣៨ ដូចជាបារាំងនិងអាល្លឺម៉ង់ជាដើម ជាបន្តបន្ទាប់ បានអនុវត្តការលើកលែង ទិដ្ឋាការសម្រាប់ឆ្លងកាត់ដែន ចំពោះប្រទេសចំនួន៥៤ ហើយឈានដល់កិច្ចព្រមព្រៀង លើកលែងទិដ្ឋាការទៅវិញទៅមក ជាមួយប្រទេសនិងតំបន់ចំនួន១៥៧ ។
ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ ជនជាតិបរទេស ដែលចូលដែនចិនតាមរយៈច្រកទ្វារនានា នៅទូទាំងប្រទេសចិនមានចំនួន២៩លាន ២សែន១ម៉ឺន៨ពាន់នាក់ ដែលកើនឡើង៨៦.២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ក្នុងនោះ ជនជាតិបរទេសដែលចូលដែនចិនតាមរយៈការលើកលែងទិដ្ឋាការគឺ១៧លាន ៤សែន៤ម៉ឺន៦ពាន់នាក់ ដែលកើនឡើង១២៣.៣%បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣។ជាពិសេស គឺគោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ឆ្លងកាត់ដែនចិន រយៈពេល៧២ម៉ោង/១៤៤ម៉ោង ទទួលការពេញនិយមយ៉ាងខ្លាំង នៅបរទេស ចាប់ពីចូលឆ្នាំនេះមក ជនជាតិបរទេសដែលធ្វើទេសចរណ៍ នៅប្រទេសចិនតាមរយៈគោលនយោបាយនេះ មានចំនួនកើនឡើង ១៣២.៩%បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ។
“មានមិត្តភក្តិមកពីចម្ងាយ គឺជារឿង ដ៏គួរឱ្យសប្បាយចិត្ត”ភាពរាក់ទាក់និងមេត្រីភាពជាវិធីសាស្រ្តទទួលភ្ញៀវ របស់ជនជាតិចិន ហើយការបើកទូលាយនិងបរិយាបន្ន ជារបៀបប្រាស្រ័យទាក់ទងវាងប្រទេសចិន និងពិភពលោក ។ ពីការពង្រីកវិសាលភាពលើកលែងទិដ្ឋាការ ដល់ពង្រីកការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារចិន ឥតឈប់ឈរនិងកែលម្អបរិយាកាស ធ្វើអាជីវកម្ម ប្រទេសចិនកំពុងជំរុញជាបន្តបន្ទាប់នូវការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់។ ស្វាគមន៍មិត្តបរទេសកាន់ តែច្រើនមកកាន់ប្រទេសចិន មើលឃើញប្រទេសចិន ទទួលអារម្មណ៍ពីប្រទេសចិននិងឈ្វេងយល់ប្រទេសចិន ព្រមទាំងចែករំលែកឱកាសឈ្នះ-ឈ្នះនៅប្រទេសចិន៕