ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ បញ្ជាក់ថា កិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំង អាចធ្វើទៅបាន ប្រសិនបើអ៊ីស្រាអែល មិនកំណត់លក្ខខណ្ឌថ្មី

Xinhua

ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា ការឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់បទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោស គឺអាចធ្វើទៅបាន ប្រសិនបើអ៊ីស្រាអែល ឈប់កំណត់លក្ខខណ្ឌថ្មី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់ បានសំដៅលើការពិភាក្សា ស្តីពីបទឈប់ បាញ់នៅទីក្រុងដូហា របស់ប្រទេសកាតា កាលពីថ្ងៃអង្គារ ក្រោមការឧបត្ថម្ភពីអ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីបថា ផាមភាពវិជ្ជមាន។ ការចរចា ដោយប្រយោល បានទទួលនូវសន្ទុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ដែលកំពុង បន្តអស់រយៈពេលជាង ១៤ ខែរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ។

នៅព្រឹកថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងនៅទីក្រុងគែរ សម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ សម្រាប់ចំណាប់ខ្មាំង ដែលត្រូវបានបដិសេធ នៅពេលក្រោយដោយ អ្នកនាំពាក្យរបស់លោក ណេតាន់យ៉ាហ៊ូ ។ ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានចេញសេចក្តីថ្លែងការណ៍ ផ្លូវការមួយ ដោយថា លោកបានទៅទស្សនាភ្នំ Hermon នៅជិតតំបន់ការពារ ដែលកងកម្លាំងអ៊ីស្រាអែល បានដណ្តើមយកទីតាំងឈរជើង របស់កងទ័ពស៊ីរីពីមុនមក។

ប្រទេសអេហ្ស៊ីប និងកាតា ដោយមានការចូលរួមពីសហរដ្ឋអាមេរិក កំពុងព្យាយាមសម្រុះសម្រួលកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្រ្គាម ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុម ហាម៉ាស់បានបើកការវាយប្រហារ លើអ៊ីស្រាអែលភាគខាងត្បូង ដែលបានឆក់យកជីវិតមនុស្សប្រហែល ១,២០០ នាក់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top