ព័ត៌មានអន្តរជាតិ

ចិន បញ្ជាក់ពីការត្រៀម ខ្លួនដើរតួនាទីស្ថាបនា ដើម្បីជួយស៊ីរី ស្ដារសន្តិភាព និងស្ថិរភាព

Xinhua

ប៉េកាំង៖ ប្រទេសចិន សង្ឃឹមថា ប្រទេសស៊ីរី នឹង សម្រេចបាននូវសន្តិភាព និងស្តារស្ថិរភាព ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ហើយចិនត្រៀមខ្លួនជាស្រេច ដើម្បីដើរតួនាទីស្ថាបនា រហូតដល់ទីបញ្ចប់ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោក នៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិស្តីពីស៊ីរីថា “ថ្មីៗនេះ ស្ថានភាពនៅក្នុងប្រទេសស៊ីរី បានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលប្រទេសចិន ក៏បានយកចិត្តទុកដាក់ យ៉ាងខ្លាំងផងដែរ” ។

លោក Geng បានសង្កត់ធ្ងន់ថា “វាជាការចាំបាច់ ក្នុងការធ្វើឱ្យស្ថានការណ៍ សន្តិសុខមានស្ថិរភាព” ដោយបានអំពាវនាវ ឱ្យគ្រប់ភាគីពាក់ព័ន្ធ ក្នុងប្រទេសស៊ីរី អនុវត្តភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ចៀសវាងសកម្មភាព ដែលអាចធ្វើអោយ ស្ថានការណ៍ កាន់តែតានតឹង និងទប់ស្កាត់ជម្លោះថ្មីៗ។

លោកឯកអគ្គរដ្ឋទូតបាន ជំរុញឱ្យភាគីទាំងអស់ ចាត់វិធានការហាមឃាត់ការ វាយប្រហារលើជនស៊ីវិល និងការពារសន្តិសុខ នៃបេសកកម្មការទូត និងជនបរទេសនៅក្នុងប្រទេស ។ លោកបានលើកឡើងថា “យើងសង្ឃឹមថាស្ថាប័នរដ្ឋរបស់ស៊ីរី នឹងនៅតែប្រតិបត្តិការដើម្បីបង្កើត លក្ខខណ្ឌសម្រាប់ការស្ដារឡើងវិញ នូវសណ្តាប់ធ្នាប់សង្គម ហើយថាប្រទេស ដែលមានឥទ្ធិពល ជាពិសេសប្រទេស ក្នុងតំបន់នឹងដើរតួនាទី ស្ថាបនាក្នុងការធ្វើឱ្យស្ថានការណ៍នៅស៊ីរី មានស្ថិរភាព”។

នៅក្នុងនោះដែរលោក ក៏បានសម្តែងនូវ “ការព្រួយបារម្ភយ៉ាងខ្លាំង” ជុំវិញការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់ របស់អ៊ីស្រាអែល នាពេលថ្មីៗនេះ ប្រឆាំងនឹងប្រទេសស៊ីរី និងការចូលទៅ ក្នុងតំបន់ការពារគ្មានយោធានៅក្នុងតំបន់ Golan Heights ជាកន្លែងដែលខ្លួនបានអះអាងថា នឹងពង្រីកការតាំងទីលំនៅ ដោយអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់សកម្មភាពទាំងនេះ ៕

To Top