ព័ត៌មានអន្តរជាតិ

ឥណ្ឌា ៖ ទូករបស់កងទ័ពជើងទឹក បុកជាមួយសាឡង់ ដឹកអ្នកដំណើរជាង១១០នាក់ បណ្តាលឱ្យ ស្លាប់មនុស្ស ១៣នាក់

RT News

បរទេស៖ មនុស្សជាច្រើននាក់ រួមទាំងទាហានជើងទឹកបីនាក់ បានស្លាប់បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងទូកល្បឿនលឿន របស់កងទ័ពជើងទឹកឥណ្ឌា និងសាឡង់ ដឹកអ្នកដំណើរ ដែលកំពុងធ្វើដំណើរទៅ កាន់គោលដៅទេសចរណ៍ដ៏ពេញ និយមមួយនៅឆ្នេរសមុទ្រ Mumbai ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើង នៅម៉ោងប្រហែល ៤ រសៀល បន្ទាប់ពីទូកល្បឿនលឿនដែលផ្ទុកបុគ្គលិក ៥ នាក់ បានបាត់បង់ការគ្រប់គ្រងក្នុង អំឡុងពេលសាកម៉ាស៊ីន ហើយបានបុកជាមួយសាឡង់ឯកជនដែលដឹកអ្នកដំណើរជាង ១១០ នាក់ ។ យោងតាមអាជ្ញាធរបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ នៅក្នុងហេតុការណ៍បុកគ្នានោះ។

វីដេអូនៃឧបទ្ទវហេតុដែល ត្រូវបានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណេត បង្ហាញពីទូកល្បឿនលឿន បានធ្វើដំណើរវិលជុំវិញមុនពេលបុកសាឡង់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌា បានឱ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះមានភាពរហ័សរហួន និងទូលំទូលាយ ដោយរួមមានទូកកងទ័ពជើងទឹកចំនួន ១១ គ្រឿង ទូកប៉ូលីសសមុទ្រចំនួន ៣ គ្រឿង នាវាឆ្មាំឆ្នេរសមុទ្រមួយគ្រឿង និងឧទ្ធម្ភាគចក្រចំនួន ៤ គ្រឿង។ បុគ្គលិកមកពីស្ថាប័នផ្សេងៗ រួមទាំងប៉ូលីស អាជ្ញាធរកំពង់ផែ Jawaharlal Nehru និងអ្នកនេសាទក្នុងតំបន់ ក៏បានចូលរួមក្នុងកិច្ច ខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះផងដែរ។

គិតត្រឹមល្ងាចថ្ងៃពុធ មនុស្ស ១០១នាក់ ត្រូវបានជួយសង្គ្រោះពីទឹកដោយបុគ្គល ៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើយោង តាមនាយករដ្ឋមន្រ្តីរដ្ឋ Maharashtra លោក Devendra Fadnavis ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសម្តែងការចូលរួមរំលែកទុក្ខ ដល់គ្រួសារដែលបានបាត់បង់ជីវិត ចំពោះសោកនាដកម្មនេះ ដោយលោកថា “ខ្ញុំសូមបួងសួងឱ្យអ្នក របួសឆាប់ជាសះស្បើយ” លោកបានបន្ថែមនៅក្នុង ការបង្ហោះនៅលើ X ដោយប្រកាសពីការចំណាយប្រាក់ចំនួន ២០ម៉ឺនរូពី ស្មើនឹង ២ ៣៥០ ដុល្លារ សម្រាប់អ្នកស្លាប់ម្នាក់ និង ៥ម៉ឺនរូពីសម្រាប់អ្នករបួស៕
ប្រែសម្រួលៈ ណៃ តុលា

To Top