ព័ត៌មានអន្តរជាតិ

តុលាការកំពូលអាមេរិក បើកសវនាការលើទឡ្ហីករណ៍ ជុំវិញការហាមប្រាមកម្មវិធី TikTok

AFP

វ៉ាស៊ីនតោន៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក  បានយល់ព្រមពិនិត្យឡើងវិញ នូវសំណើរបស់ TikTok និងក្រុមហ៊ុនមេរបស់ខ្លួនគឺ ByteDance ដើម្បីទប់ស្កាត់ច្បាប់ ដែលតម្រូវឱ្យលក់កម្មវិធីចែករំលែកវីដេអូ ដ៏ពេញនិយមមួយនេះ នៅត្រឹមថ្ងៃទី១៩ ខែមករា មួយថ្ងៃមុនការវិលត្រឡប់ របស់លោកដូណាល់ ត្រាំ ទៅកាន់សេតវិមាន ឬប្រឈមមុខនឹងការហាមឃាត់ ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ ។

តុលាការកំពូលរបស់ប្រទេសនេះ គ្រោងនឹងបើកសវនាការលើទឡ្ហីករណ៍ នៅថ្ងៃទី១០ ខែមករា ទាក់ទងនឹងថាតើច្បាប់នេះ កំណត់ដោយអធម្មនុញ្ញភាពក្នុងការនិយាយស្តី ឬរំលោភលើវិសោធនកម្មលើកទី១ ។ សេចក្តីសម្រេចរបស់តុលាការ ត្រូវបានចេញពីរថ្ងៃបន្ទាប់ពីការដាក់ញត្តិរបស់ TikTok សម្រាប់ដីកាប្រឆាំងនឹងច្បាប់។

កាលពីខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអនុម័តច្បាប់ដែលផ្តល់ឱ្យក្រុមហ៊ុន ByteDance ត្រឹមតែ ២៧០ ថ្ងៃដើម្បីលក់ TikTok ដោយលើកឡើងពីកង្វល់សន្តិសុខជាតិដែលគ្មានមូលដ្ឋាន ហើយប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាមច្បាប់នឹងតម្រូវឱ្យប្រតិបត្តិករកម្មវិធីដូចជា Apple និង Google ដកកម្មវិធី TikTok ចេញពីវេទិការបស់ពួកគេ ។

កាលពីខែឧសភា TikTok បានប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ឱ្យរារាំងការហាមឃាត់ ដែលមានសក្តានុពល ដែលបានទាក់ទាញការរិះគន់យ៉ាងទូលំទូលាយ។ នៅដើមខែធ្នូ តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកនៅវ៉ាស៊ីនតោន ឌីស៊ី បានច្រានចោលការអះអាងរបស់ TikTok ដែលថាការហាមឃាត់នេះ គឺមិនស្របតាមរដ្ឋធម្មនុញ្ញ និងរំលោភលើសិទ្ធិវិសោធនកម្មលើកទី ១ នៃអ្នកប្រើប្រាស់ចំនួន ១៧០ លាននាក់នៅសហរដ្ឋអាមេរិក។

កាលពីថ្ងៃច័ន្ទ TikTok បានស្នើឱ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិករារាំងច្បាប់នេះ ដោយលើកហេតុផលថា ខ្លួននឹងបិទវេទិកាសុន្ទរកថាដ៏ពេញនិយមបំផុតមួយរបស់អាមេរិក នៅមុនថ្ងៃសម្ភោធចូលកាន់តំណែងរបស់ប្រធានាធិបតី ហើយ “បំបិទសុន្ទរកថារបស់អ្នកដាក់ពាក្យ និងប្រជាជនអាមេរិកជាច្រើន ដែលប្រើវេទិកាដើ ម្បីទំនាក់ទំនងអំពីនយោបាយ ពាណិជ្ជកម្ម សិល្បៈ និងបញ្ហាផ្សេងទៀតដែលជាកង្វល់សាធារណៈ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top