ព័ត៌មានអន្តរជាតិ

អាមេរិក៖ ក្មេងប្រុសជំទង់ អាយុ១៦ឆ្នាំ បាញ់សម្លាប់សមាជិក គ្រួសារ៤នាក់ និងប្រាប់ប៉ូលីសថា បានលឺសំឡេងប្រាប់ ឱ្យបាញ់សម្លាប់គ្រួសាររបស់គាត់

NBC News

បរទេស ៖ អ្នកនាំពាក្យប៉ូលីសរដ្ឋ បាននិយាយកាលពីថ្ងៃពុធថា ក្មេងជំទង់ម្នាក់ នៅរដ្ឋ New Mexico សហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់សាច់ញាតិអស់ ៤នាក់ បានប្រាប់អ្នកស៊ើបអង្កេតថា គេបានលឺសំលេងដែលបញ្ជា ឱ្យគាត់សម្លាប់គ្រួសាររបស់គាត់។

យោងតាមសារព័ត៌មាន NBC NEWS ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្មេងប្រុសអាយុ ១៦ឆ្នាំ ដែល NBC News មិនបានកំណត់អត្តសញ្ញាណ ដោយសារតែគាត់ជាអនីតិជន គឺប្រឈមមុខនឹងការចោទប្រកាន់ ចំនួនបួននៃឃាតកម្មកម្រិតទី១ ទាក់ទង នឹងការសម្លាប់កាលពីថ្ងៃសៅរ៍នៅទីក្រុង Belen ចម្ងាយប្រហែល ៣០ ម៉ាយពីទីក្រុង Albuquerque ។ ការិយាល័យមេធាវីស្រុកតុលាការទី១៣ បាននិយាយថា ក្មេងប្រុសនេះកំពុងត្រូវបានឃុំខ្លួន នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងអនីតិជនក្នុងទីក្រុង Albuquerque ប៉ុន្តែអាចត្រូវបានចោទប្រកាន់ ក្នុងនាមជាមនុស្សពេញវ័យនៅពេលក្រោយ ។

ប៉ូលីសរដ្ឋបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍ថា ជនសង្ស័យបានទូរស័ព្ទទៅលេខ ៩១១ នៅម៉ោង ៣៖៣០នាទីព្រឹកថ្ងៃសៅរ៍ ហើយ “បានប្រាប់ថាគាត់បាន សម្លាប់គ្រួសាររបស់គាត់” ។ ប៉ូលិសរដ្ឋបាននិយាយថា ប៉ូលិសបានរកឃើញមនុស្សបួននាក់ ស្លាប់នៅក្នុងផ្ទះ និងកាំភ្លើងមួយដើមនៅក្នុងផ្ទះបាយ ។

លោក Ricardo Breceda មន្ត្រីព័ត៌មានសាធារណៈសម្រាប់ប៉ូលីសរដ្ឋ New Mexico បានប្រាប់ NBC News កាលពីថ្ងៃពុធថា ហេតុផលនៃការសម្លាប់នេះ គឺមិនទាន់ត្រូវបាន កំណត់នៅឡើយទេ។ លោក Breceda បាននិយាយថា ជនសង្ស័យ “បានប្រាប់ភ្នាក់ងារថា មានសំឡេងមួយបានប្រាប់គាត់ឱ្យសម្លាប់គ្រួសាររបស់គាត់” ។

លោក Breceda ដែលបានបន្ថែមថា កាំភ្លើងដែលប្រើក្នុងការបាញ់ប្រហារត្រូវបានទិញដោយឪពុករបស់ក្មេងជំទង់ ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ។ Breceda បាននិយាយថា អាជ្ញាធរមិនប្រាកដថា តើក្មេងប្រុសនេះមានប្រវត្តិជំងឺផ្លូវចិត្តឬយ៉ាងណានោះទេ។

ប៉ូលីសរដ្ឋបានកំណត់អត្តសញ្ញាណជនរងគ្រោះ រួមមាន Adriana Bencomo អាយុ ៣៥ឆ្នាំ; Leonardo Leyva អាយុ ៤២ឆ្នាំ; Adrian Leyva អាយុ ១៧ឆ្នាំ; និង Alexander Leyva, អាយុ ១៤ឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top