តេអេរ៉ង់៖ ប្រធានកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បានអំពាវនាវឱ្យអគ្គនាយកនៃ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi រក្សាភាពមិនលំអៀងរបស់ទីភ្នាក់ងារនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរង់។
លោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅខាងក្រៅ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងតេអេរ៉ង់ ខណៈដែលមានប្រតិកម្មទៅនឹង ការអត្ថាធិប្បាយថ្មីៗរបស់លោក Grossi ដែលបាននិយាយថាអ៊ីរ៉ង់ កំពុងបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតយោធា ហើយកំពុងឆ្ពោះទៅរកការ ក្លាយជារដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ។
លោក Eslami បានលើកឡើងថា “វាមិនអាចទទួលយកបាននោះទេ ដែលស្ថាប័នអន្តរជាតិផ្តោតតែលើទិដ្ឋភាពមួយនៃបញ្ហាក្នុងលក្ខណៈបង្កហេតុ ហើយបដិសេធមិនចង្អុលទៅវិមាត្រសំខាន់ ដែលជាការបរាជ័យរបស់ភាគីផ្សេងទៀត ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេ”។
លោកបានសង្កត់ធ្ងន់ថា ទីភ្នាក់ងារគួរតែរក្សាអព្យាក្រឹតភាពរបស់ខ្លួន និងធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ ដោយបន្ថែមថា “យើងរំពឹងថា អគ្គនាយកទីភ្នាក់ងារ ដែលជាអ្នកការទូតជើងចាស់ នឹងពិចារណាលើបញ្ហាទាំងនេះ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី ANSA នៅរដ្ឋធានីរ៉ូមរបស់អ៊ីតាលីកាលពីថ្ងៃចន្ទ លោក Grossi បានឲ្យដឹងថា មានចំណុចតិចតួចក្នុងការស្វែងរក ការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ រវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ” ។
លោកបានសង្កត់ធ្ងន់ថា ក្នុងទិដ្ឋភាពនៃ “ការពិតថ្មី” របស់អ៊ីរ៉ង់ កិច្ចព្រមព្រៀងថ្មីមួយគួរតែត្រូវបានដំណើរការ។ ប្រតិកម្មទៅនឹងការកត់សម្គាល់របស់លោក Grossi នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃអង្គារ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានអំពាវនាវឱ្យប្រធាន IAEA រូបនេះ និយាយ “ដោយផ្អែកលើការពិត និងរបាយការណ៍បច្ចេកទេស ពីអធិការកិច្ចរបស់ទីភ្នាក់ងារនេះ” ៕
ប្រែសម្រួល ឈូក បូរ៉ា