បរទេស៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ និងប្រពន្ធជនជាតិថៃ ត្រូវបានចាប់ខ្លួននៅខេត្ត Songkhla ពីបទដំណើរការគម្រោងបោកប្រាស់តាមរយៈកម្មវិធីទូរស័ព្ទក្លែងក្លាយ ដែលបណ្តាលឱ្យខូចខាតលុយសរុបចំនួន ៨០០លានបាត។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ជនសង្ស័យឈ្មោះ Lim Chin អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ Saowalak ត្រូវបានចាប់ខ្លួនខណៈដែលឆ្លងព្រំដែនពីប្រទេសម៉ាឡេស៊ីទៅកាន់ស្រុក Sadao ខេត្ត Songkhla ។
ការចាប់ខ្លួននៅច្រកព្រំដែន ផ្លូវ Kanchanawanit ក្នុងក្រុង Sadao បានធ្វើឡើងបន្ទាប់ពីមានបណ្តឹងជាច្រើនអំពីការបោកប្រាស់លើការវិនិយោគដែលត្រូវបានផ្សព្វផ្សាយតាមរយៈការបង្ហោះតាមហ្វេសប៊ុកដែលមានរូបភាពរបស់ឈ្មួញមូលបត្រល្បីឈ្មោះ។ យោងតាមការិយាល័យបានឱ្យដឹងថា ជនរងគ្រោះត្រូវបានបញ្ឆោតឱ្យប្រើកម្មវិធីក្លែងក្លាយដែលមានឈ្មោះថា “Nicshare” និង “ComonApps” ។
CIB បានកំណត់អត្តសញ្ញាណជនរងគ្រោះជាង ៥០នាក់ ដែលត្រូវបានគេរាយការណ៍ថា បានបាត់បង់ប្រាក់សរុបប្រហែល ៨០០លានបាត ចំពោះការឆបោក។
ក្រុមឆបោកវិនិយោគ រួមមានជនជាតិថៃ និងជនបរទេសផ្សេងទៀត ជាមួយនឹងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេសរុបប្រហែល ៥ពាន់លានបាត។ CIB បានស្វែងរកដីកាសម្រាប់ការចាប់ខ្លួនជនសង្ស័យប្រហែល ៥០នាក់ ដែលមានទំនាក់ទំនងជាមួយបណ្តាញឆបោកក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕
ប្រែសម្រួលៈ ណៃ តុលា