បរទេស៖ តុលាការកំពូលរបស់ប្រទេសបារាំងសម្រាប់សំណុំរឿងរដ្ឋប្បវេណី និងឧក្រិដ្ឋកម្ម កាលពីថ្ងៃពុធបានតម្កល់សាលក្រមប្រឆាំងនឹងអតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy ពីបទពុករលួយ និងការប្រើប្រាស់ឥទ្ធិពល។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅឆ្នាំ២០២១ តុលាការជាន់ទាបបានរកឃើញថាលោក Sarkozy និងអតីតមេធាវីរបស់លោកគឺ Thierry Herzog ក្នុងឆ្នាំ២០១៤ បានបង្កើត “កតិកាសញ្ញាអំពើពុករលួយ” ជាមួយចៅក្រម Gilbert Azibert ដើម្បីទទួលបាននិងចែករំលែកព័ត៌មានអំពីការស៊ើបអង្កេតផ្លូវច្បាប់មួយផ្សេងទៀតពាក់ព័ន្ធនឹងអតីតប្រធានាធិបតី, នេះបើយោងតាមកាសែតបារាំង Le Monde។
ដោយរកឃើញថា លោក Sarkozy មានពិរុទ្ធ តុលាការបន្ទាប់មកបានកាត់ទោស ៣ ឆ្នាំ សម្រាប់លោក Sarkozy ក្នុងអំឡុងពេលដែលគាត់នឹងត្រូវឃុំខ្លួនក្នុងផ្ទះរយៈពេលមួយឆ្នាំជាមួយនឹងការភ្ជាប់ខ្សែដៃតាមដានអេឡិចត្រូនិក។
លោក Sarkozy បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសនៅឆ្នាំ២០២១ ។ នៅឆ្នាំ២០២៣ សាលាឧទ្ធរណ៍ទីក្រុងប៉ារីសបានតម្កល់សាលក្រមចាត់ទុកជាបានការដដែល។
ជាមួយនឹងសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ Cour de Cassation កាលពីថ្ងៃពុធ លោក Sarkozy បានក្លាយជាអតីតប្រធានាធិបតីបារាំងដំបូងគេដែលត្រូវបានកាត់ទោសពីបទពុករលួយ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារនៅប្រទេសបារាំង។
ប្រធានាធិបតីពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ លោក Sarkozy ប្រឈមមុខនឹងករណីផ្លូវច្បាប់ជាច្រើន។ ការកាត់ក្តីនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ជុំវិញការចោទប្រកាន់ថា លោកបានទទួលយកលុយពីលីប៊ីដើម្បីផ្តល់មូលនិធិដល់យុទ្ធនាការឆ្នាំ២០០៧ របស់គាត់៕
ប្រែសម្រួលៈ ណៃ តុលា