ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានអឺរ៉ុប ប្រឆាំងនឹងការប្រើប្រាស់ យន្ដការខុស នៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ នៅមុននេះបន្តិចថា បេសកជនរបស់អ៊ីរ៉ង់ ប្រចាំអង្គការ សហប្រជាជាតិ បានព្រមានថា ប្រសិនបើអឺរ៉ុប «ប្រើប្រាស់ខុស» នូវយន្តការ snapback នោះ នឹងទទួលបានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងសមាមាត្រ របស់ប្រទេសអ៊ីរ់ង់ ជាក់ជាមិនខាន។

លោក Amir Saeid Iravani តំណាងអចិន្ត្រៃយ៍ របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់នៅ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារស្តីពីការអនុវត្តដំណោះស្រាយ ២២៣១ ដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក។

យន្តការ snapback គឺជាឃ្លាមួយ នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ដែលនឹងអនុញ្ញាតឱ្យភាគីផ្សេងទៀត ដាក់ទណ្ឌកម្មអន្តរជាតិ ឡើងវិញទាំងអស់ ប្រសិនបើអ៊ីរ៉ង់ មិនគោរព តាមកិច្ចព្រមព្រៀងនោះ។

លោក Iravani បានលើកឡើងថា អ៊ីរ៉ង់ “បដិសេធទាំងស្រុង” ការគំរាមកំហែងណាមួយដោយក្រុមប្រទេស E3 ដែលមានប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ក្នុងការប្រើប្រាស់យន្តការ snapback ដោយសង្កត់ធ្ងន់ថា យន្តការនេះមិនមែនជា “ឧបករណ៍នៅក្នុងដៃ” របស់ប្រទេសលោកខាងលិច សម្រាប់ការគំរាមកំហែងអ៊ីរ៉ង់នោះទេ។

ទោះបីជាអ្វីដែលលោកហៅថា “ការចោទប្រកាន់គ្មានមូលដ្ឋាន” ពីបណ្ដាប្រទេស E3 និងសហរដ្ឋអាមេរិកក៏ដោយលោក Iravani បានរំលឹកឡើងវិញថា អ៊ីរ៉ង់នៅតែប្តេជ្ញាចិត្តក្នុងការសហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ស្របតាមកាតព្វកិច្ចរបស់ខ្លួន។ លោកក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ជាបន្តរបស់ទីក្រុងតេអេរ៉ង់ ចំពោះការទូត និងការសន្ទនាដើ ម្បីដោះស្រាយបញ្ហាលេចធ្លោ។

លោក Iravani បានរិះគន់ការអនុម័តដំណោះស្រាយប្រឆាំងអ៊ីរ៉ង់នៅឯកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ IAEA នាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ច “ជោគជ័យ” ដោយអគ្គនាយក IAEA លោក Rafael Grossi ទៅកាន់ទីក្រុងតេអេរ៉ង់ ក្នុងខែវិច្ឆិកា ។ លោកបានអះអាងថា ដំណោះស្រាយដែលត្រូវ បានជំរុញដោយហេតុផល នយោបាយបានធ្វើឲ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងទំនុកចិត្ត និងជំរុញការចូលរួមការទូត ប្រកបដោយលក្ខណៈស្ថាបនា។

គួរបញ្ជាក់ថា អ៊ីរ៉ង់ បានចុះហត្ថលេខាលើ JCPOA ក្នុងឆ្នាំ២០១៥ ដោយយល់ព្រម កំណត់សកម្មភាព នុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរ នឹងការ បន្ធូរបន្ថយទណ្ឌកម្ម ។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានដកខ្លួន ចេញពីកិច្ចព្រមព្រៀង ក្នុងឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឡើងវិញ ដែលជំរុញឱ្យអ៊ីរ៉ង់ កាត់បន្ថយការសន្យារបស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀង ដែលបន្តតាំងពីឆ្នាំ២០២១ មកទល់ពេលនេះត្រូវបានជាប់គាំង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top