ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ជំរុញឲ្យអ៊ីស្រាអ៊ែល បញ្ឈប់ការរំលោភបំពានអធិបតេយ្យភាព និងបូរណភាពឹកដី របស់ប្រទេសស៊ីរី

AFP

អ.ស.ប៖ កាលពីថ្ងៃព្រហស្បតិ៍ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានជំរុញឱ្យអ៊ីស្រាអ៊ែល បញ្ឈប់ការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Guterres បានថ្កោលទោសទៅលើការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៊ីស្រាអ៊ែល មកលើប្រទេសស៊ីរី ក្នុងគោលបំណងបំផ្លាញអាវុធយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធយោធា និងការចូលរបស់កងទ័ពរបស់ខ្លួនចូលទៅក្នុងតំបន់គ្មានយោធារវាងប្រទេសស៊ីរី និងតំបន់ Golan Heights ដែលអ៊ីស្រាអ៊ែលកាន់កាប់ ។

លោកបានថ្លែងថា “ពួកគេ គឺបានធ្វើការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ហើយពួកគេត្រូវតែបញ្ឈប់” ។ “ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា មិនគួរមានកងកម្លាំងយោធានៅក្នុងតំបន់បំបែកខ្លួនក្រៅពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនោះឡើយ ហើយអ្នករក្សាសន្តិភាពទាំងនោះត្រូវតែមានសេរីភាពក្នុងការធ្វើសកម្មភាពដើម្បីបំពេញការងារសំខាន់ៗរបស់ពួកគេ” ។

លោក Guterres បានគូសបញ្ជាក់ផងដែរថា អ៊ីស្រាអ៊ែល និងស៊ីរី ត្រូវតែគោរពលក្ខខណ្ឌនៃកិច្ចព្រមព្រៀងផ្តាច់កម្លាំងឆ្នាំ១៩៧៤ ដែលនៅតែជាធរមានពេញលេញនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top