ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសស៊ីរី

Xinhua

យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Guterres បានថ្កោលទោសការវាយប្រហារ តាមផ្លូវអាកាសយ៉ាងទូលំទូលាយ របស់អ៊ីស្រាអែលលើប្រទេសស៊ីរី ក្នុងគោលបំណងបំផ្លាញអាវុធយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធយោធា និងការចូលរបស់កងទ័ពរបស់ខ្លួនចូលទៅក្នុងតំបន់គ្មានយោធា រវាងប្រទេសស៊ីរី និងតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់ ។

លោកបានលើកឡើងថា “ពួកគេគឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសស៊ីរី ហើយពួកគេត្រូវតែបញ្ឈប់” ។ “ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា មិនគួរមានកងកម្លាំងយោធា នៅក្នុងតំបន់បំបែកខ្លួនក្រៅពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនោះទេ ហើយអ្នករក្សាសន្តិភាពទាំងនោះ ត្រូវតែមានសេរីភាពក្នុងការធ្វើចលនា ដើម្បីបំពេញការងារសំខាន់ៗរបស់ពួកគេ” ។

លោកបានគូសបញ្ជាក់ថា អ៊ីស្រាអែល និងស៊ីរីត្រូវតែគោរពលក្ខខណ្ឌនៃកិច្ចព្រមព្រៀងផ្តាច់កម្លាំងឆ្នាំ ១៩៧៤ ដែលនៅតែជាធរមានពេញលេញ។ ប្រធានអង្គការសហប្រជាជាតិរូបនេះ បានប្រាប់អ្នកយកព័ត៌មានថា “នេះគឺជាពេលវេលាសម្រេចចិត្តមួយ ដែលជាពេលវេលានៃក្តីសង្ឃឹម និងជាប្រវត្តិសាស្ត្រ ប៉ុន្តែក៏ជាភាពមិនប្រាកដប្រជាដ៏អស្ចារ្យមួយផងដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top