ព័ត៌មានអន្តរជាតិ

រុស្ស៊ី សងសឹកដោយវាយប្រហារ ដោយមីស៊ីលទៅលើគោលដៅជាច្រើន នៅក្នុងទីក្រុងគៀវ របស់អ៊ុយក្រែន

afp

បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា យោធារុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលទៅលើគោលដៅនានាក្នុងទីក្រុងគៀវ ដើម្បីជាការឆ្លើយតបនឹងប្រទេសអ៊ុយក្រែនដោយប្រើមីស៊ីលដែលផលិតដោយសហរដ្ឋអាមេរិកវាយប្រហារលើទឹកដីរុស្ស៊ីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រថា កងកម្លាំងរបស់ទីក្រុងគៀវ បានប្រើប្រាស់អាវុធផលិតដោយលោកខាងលិចដើម្បីកំណត់គោលដៅរោងចក្រឧស្សាហកម្មគីមីនៅក្នុងតំបន់ Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ។ ក្រសួងបានបន្ថែមថា ការវាយប្រហារលើរោងចក្រ Kamensky ជាប់ពាក់ព័ន្ធនឹងមីស៊ីល ATACMS ផលិតដោយអាមេរិកចំនួន ៦គ្រាប់ និង មីស៊ីល Storm Shadow ចំនួន ៤គ្រាប់ ដែលផ្តល់ដល់អ៊ុយក្រែនដោយចក្រភពអង់គ្លេស។

ក្រសួងការពារជាតិបាននិយាយថា នៅក្នុងការសងសឹក យោធារុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការយោធារបស់អ៊ុយក្រែន និងបានកំណត់គោលដៅលើប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Patriot ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍បានសរសេរថា “ដើម្បីឆ្លើយតបទៅនឹងសកម្មភាពនៃរបបក្រុងគៀវ ដែលគាំទ្រដោយអ្នកថែរក្សាលោកខាងលិចរបស់ខ្លួន នៅព្រឹកនេះ ការវាយប្រហាររួមជាមួយនឹងអាវុធដ៏ជាក់លាក់ចម្ងាយឆ្ងាយត្រូវបានចាប់ផ្តើម” ។ ក្រសួងបាននិយាយថា វាផ្តោតលើការិយាល័យរចនា Luch ក្នុងរដ្ឋធានីអ៊ុយក្រែន ដែលផលិតប្រព័ន្ធមីស៊ីល Neptun និង Olkha  ហើយ “គោលដៅនៃការវាយប្រហារត្រូវបានសម្រេច, គោលដៅទាំងអស់ត្រូវបានវាយប្រហារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top