ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២០ នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល សំដៅទៅលើសាលារៀនចំនួនពីរ ដែលផ្តល់ជម្រកដល់ជនស៊ីវិល ដែលបានផ្លាស់ទីលំនៅ និងផ្ទះមួយកន្លែងនៅភាគខាងកើតទីក្រុងហ្គាហ្សា។
ប្រភព និងសាក្សីក្នុងតំបន់បានរាយការណ៍ថា យន្តហោះអ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើសាលារៀន Al-Karama និង Sha’ban Al-Rayes ដែលកំពុងបម្រើជាជម្រកសម្រាប់ជនស៊ីវិល ដែលបានផ្លាស់ទីលំនៅ ក៏ដូចជាផ្ទះលំនៅដ្ឋានមួយនៅក្នុងសង្កាត់ Al-Tuffah ក្នុងភាគខាងកើតទីក្រុងហ្គាហ្សា។
លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានប្រាប់កាសែតស៊ិនហួឲ្យដឹងថា ក្រុមជួយសង្គ្រោះ និងបុគ្គលិកពេទ្យបានប្រមូលសាកសពជនរងគ្រោះចំនួន ២០ នាក់ចេញពីកន្លែងនៃការទម្លាក់គ្រាប់បែក។ លោកបានបន្ដថា អ្នកស្លាប់បាត់បង់ជីវិតរួមមានស្ត្រី និងកុមារ ខណៈដែលប្រហែល ៣០ នាក់ផ្សេងទៀតមានរបួសខុសៗគ្នា ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយបន្ថែមថា ក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន។
កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ជាមួយនឹងទិសដៅនៃការស៊ើបការណ៍សម្ងាត់ កងកម្លាំងអាកាសបានធ្វើ “ការវាយប្រហារយ៉ាងជាក់លាក់” លើពួកសកម្មប្រយុទ្ធ ដែលកំពុងប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងនៅក្នុងតំបន់ ដែលពីមុនបម្រើការជាសាលា Al-Karama និងសាលា Sha’ban ។
អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា